(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលខ្លី ជំនាន់ទី៦ស្តីពី៖ «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងទាក់ទាញ» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានចាប់ផ្តើមចូលរៀនហើយ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤។ វគ្គបណ្ដុះបណ្ដាលជំនាន់ទី៦នេះ មានសិស្សចូលរៀនចំនួន ៣០នាក់ ដោយនៅក្នុងនោះមានទាំងបុគ្គលិកស្ថាប័នឯកជន មន្រ្តីរដ្ឋាភិបាល និងនិស្សិតជាដើម។

វគ្គសិក្សាដែល បង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ដែលមានបទពិសោធក្នុងវិស័យព័ត៌មានជាង៣០ឆ្នាំកន្លងមក។ ផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន, សិក្សាអំពីរបៀបសរសេរបទយកការណ៍, ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

លោក ម៉ារ យ៉ារិទ្ធិ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

វគ្គសិក្សាថ្មីនេះ មានរយៈពេល៣ខែ ដោយក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ ក្រៅពីវគ្គសរសេរព័ត៌មាន FTC ពេលនេះក៏កំពុងបើកដំណើរការនូវវគ្គបណ្តុះបណ្តាលអំពីការថតរូបក្នុងវិស័យសារព័ត៌មានផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC តាមរយៈ Tel: 089 960 090 Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកជំនាក់ទំនងសាធារណៈ FTC តាមរយៈ Tel: 092 322 334 Telegram: https://t.me/raksmeythanfn