(ភ្នំពេញ​)៖ សំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទ «បដិសេធក្នុងការចូលខ្លួន» ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការនាថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។

លោកស្រី ម៉េង សុភារី មេធាវីការពារលោកកឹម សុខា ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែសីហានេះថា មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានទូរស័ព្ទប្រាប់លោកស្រី អំពីគម្រោងបើកសវនាការ ករណីលោក កឹម សុខា នៅថ្ងៃទី៩កញ្ញា ខាងមុខនេះ។

លោកស្រីមេធាវីបញ្ជាក់ថា លោកស្រីក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍រួចហើយ ចំពោះគម្រោងសវនាការនេះ តែពុំទាន់ដឹងថាតុលាការនឹងផ្អាក ឬយ៉ាងណានៅឡើយទេ។

គួររំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ចប់ការស៊ើបសួរ និងបញ្ជូនសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាប់ចោទពីបទ «បដិសេក្នុងការចូលខ្លួន» ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ទៅបើកសវនាការជំនុំជម្រះ។

បទល្មើស «បដិសេធក្នុងការចូលខ្លួន» ចែងតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសពី ១ខែទៅ៦ខែ និង ពិន័យជាប្រាក់ពី១សែនរៀលទៅ១លានរៀល ។

លិខិតជូនដំណឹង ចុះថ្ងៃទី២៣ ខែសីហា ដែលទើបត្រូវផ្សព្វផ្សាយ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់មកជនត្រូវចោទឈ្មោះ កឹម សុខា អាយុ៦៣ឆ្នាំថា សំណុំរឿងបានស៊ើបសួរចប់សព្វគ្រប់ ហើយត្រូវបានបញ្ជូនទៅបើកសវនាការជំនុំជម្រះ។

គួររំលឹកថា លោក​ កឹម​ សុខា​ តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ចាម​ និង​ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឲ្យ​ចាកចេញ ​ទៅ​ក្រៅ​ប្រទេស​ផងដែរ​ ហើយ​បើ​មិន​គោរព​កាតព្វកិច្ចនេះ​ តុលាការ​នឹង​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​៕