(ភ្នំពេញ)៖ គណៈប្រតិភូសាកលវិទ្យាល័យប៉េកាំង នាថ្ងៃ១១ ខែមករា ឆ្នាំ២០២៤ បានមកទស្សនកិច្ចការិយាល័យ សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ដែលមានទីតាំងនៅក្នុងអគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

គណៈប្រតិភូ មានសាស្ត្រាចារ្យជាន់ខ្ពស់ចំនួន ៤រូបមកពីសាកលវិទ្យាល័យប៉េកាំង ដឹកនាំដោយលោកសាស្ត្រចារ្យ Wang Min អមដោយជំនួយការនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន នៃស្ថានទូតចិន១រូប។

ក្នុងឱកាសនោះ លោក អ៊ុំ វុទ្ធទី ប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន (ACSC) និងសហការី បានពិភាក្សា និងស្វែងរកឱកាសសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យប៉េកាំង ក្នុងការជំរុញនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យលំដាប់លេខ២ របស់ប្រទេសចិន។

តាមរយៈរបាយការណ៍របស់លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន អាណត្តិទី៧ មាននិស្សិតកម្ពុជាចំនួន២៣៤រូប កំពុងសិក្សានៅរដ្ឋធានីប៉េកាំង ក្នុងនោះសាលកវិទ្យាល័យប៉េកាំង មានចំនួន១៤រូប ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន១១រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១រូប ថ្នាក់បណ្ឌិត១រូប និងថ្នាក់ក្រោយបណ្ឌិត១រូប។

នាពេលកន្លងមកនេះ មានអតីតនិស្សិត១រូប គឺ លោក យ៉េន យ៉ាត បានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតដោយជោគជ័យនៅឆ្នាំ២០២២ ដែលបច្ចុប្បន្នកំពុងបម្រើការងារជានាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងជាទីប្រឹក្សាជាន់ខ្ពស់របស់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិនផងដែរ។

ដោយឡែកតាមការសង្កេត Page Facebook របស់សមាគមនិស្សិត (ACSC_Association of Cambodian Student in China) នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ លោក អ៊ុំ វុទ្ធទី និងសហការី បានទៅទស្សនកិច្ចចំនួន១៩ សាកលវិទ្យាល័យ នៅក្នុងខេត្តក្រុងចំនួន៨ រួមមាន៖
1. Yunnan University (ខេត្តYunnan ក្រុងKunming)
2. Yunnan Minzu University (ខេត្តYunnan ក្រុងKunming)
3. Yunnan Normal University (ខេត្តYunnan ក្រុងKunming)
4. Kunming Medical University (ខេត្តYunnan ក្រុងKunming)
5. Kunming University of Science and Technology (ខេត្តYunnan ក្រុងKunming)
6. Guangxi University for Nationalities (ខេត្តGuangxi ក្រុង Nanning)
7. Yulin Normal University (ខេត្តGuangxi ក្រុង Yulin)
8. Guangxi Vocational and Technical College (ខេត្តGuangxi ក្រុង Nanning)
9. Nanning Vocational and Technical College (ខេត្តGuangxi ក្រុង Nanning)
10. China University of Geosciences, Wuhan (ខេត្តHubei ក្រុង Wuhan)
11. Anhui University (ខេត្តAnhui ក្រុងHefei)
12. Hefei University (ខេត្តAnhui ក្រុងHefei)
13. Chongqing University (ទីក្រុងChongqing)
14. Hunan University (ខេត្តHunan ក្រុងChangsa)
15. Central Southern University (ខេត្តHunan ក្រុងChangsa)
16. Haikou University of Economics (ខេត្តHainan ក្រុង Haukou)
17. Hainan University (ខេត្តHainan ក្រុង Haukou)
18. Hainan Normal University (ខេត្តHainan ក្រុង Haukou)
19. Jinan University (ខេត្តGuangdong ក្រុង Guangzhou)

តាមការបញ្ជាក់របស់លោក អ៊ុំ វុទ្ធទី សម្រាប់ការទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនេះ ធ្វើឡើងក្នុងការគោលបំណង៖
1. ចុះសួរសុខទុក្ខនិស្សិតដើម្បីស្វែងយល់អំពីការសិក្សា និងការរស់នៅ ព្រមទាំងតម្រូវការនានារបស់និស្សិត
2. ស្វែងរកអាហារូបករណ៍ជូននិស្សិតកម្ពុជានៅក្នុងស្រុក
3.ស្វែងរកកិច្ចសហការជាមួយសាកលវិទ្យាល័យ
4. ជំរុញនិស្សិតចិន និងលោកគ្រូ អ្នកគ្រូចិន មកទស្សនាអង្គរវត្ត ដើម្បីកំណើរអ្នកទស្សនាចរចិនមកកម្ពុជា៕