(ភ្នំពេញ)៖ ស្ត្រីក្រីក្រម្នាក់ មានឈ្មោះ ចាន់ សុខហេង អាយុ៣២ឆ្នាំ ដែលមានជម្ងឺខ្វះគ្រាប់ឈាមក្រហម ស្ទើតែនឹងបាត់បងជីវិត ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជួយសង្គ្រោះ ដោយបានយកចិត្តទុកដាក់ ពិនិត្យ ព្យាបាលឲ្យបានធូស្រាលឡើងវិញ និងត្រលប់មកសម្រាកលំនៅដ្ឋានវិញ ក្រោមការខិតខំជួយឧបត្ថម្ភពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ។
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចុះសួរសុខទុក្ខ និង នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅជូន អ្នកស្រី ចាន់ សុខហេង នៅគេហដ្ឋានស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោខាងលើនេះ ឱកាសក្នុងនោះអំណោយដែលបានយកទៅប្រគល់ជូនរួមមាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ សម្ភារៈប្រើប្រាស់ចំនួន ០៥មុខ និងថវិកា ៣០ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ អ្នកស្រី ចាន់ សុខហេង ដែលមានជម្ងឺខ្វះគ្រាប់ឈាមក្រហម ស្ទើរតែនឹងបាត់បងជីវិត បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោក ហ៊ុន ម៉ាណែត និងជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសង្គ្រោះជីវិតរបស់គាត់ដែលហៀបតែនឹងស្លាប់ទៅហើយនោះ ឲ្យរស់រាន្តឡើងវិញ ប្រៀបបីដូចជាមាតាបីតាទី២របស់គាត់។
គួរបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ របស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌ ដែលបានជួបជាមួយប្អូនស្រី ចាន់ សុខហេង កាលពីថ្ងៃទី១២ ខែកក្កដា នៅពេលទៅទទួលការពិនិត្យ របស់គ្រូពេទ្យស្ម័គ្រចិត្តទីក្រុងប៊ូសាន នៅមណ្ឌលសុខភាព ពងទឹក កន្លងមកហើយឃើញថាប្អូនស្រី មានសភាពធ្ងន់ធ្ងរ លោកក៏បានទំនាក់ទំនង និងបញ្ជូនប្អូនស្រីទៅពិនិត្យ និងព្យាបាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហើយបច្ចុប្បន្នមានស្ថានភាពសុខភាពធូស្រាល នឹងបន្តទទួលការពិនិត្យ និងព្យាបាលបន្តទៀតជាប់ជាប្រចាំ៕