(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនង​ដ៏ល្អ​ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅប្រទេសបារាំង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង។ ប្រទេស​បារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបាន​ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ច​សន្ទនា​ផ្លូវការ​ជាមួយលោកប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាស​ដ៏ប្រសើរ​សម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរ​បញ្ជាក់​ជា​ថ្មីនូវ​ការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់​ទំនាក់​ទំនងជាប្រពៃណីនៃមិត្តភាពដ៏ស្និទ្ធស្នាល និងល្អប្រសើរ​ឱ្យឈានដល់កម្រិតថ្មី ដាក់ចេញផែនការ​សកម្ម​ភាព​ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែល​ផ្តល់​ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយ​បញ្ហាប្រឈម​សកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែល​ផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន​នឹងត្រូវ​ចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ លោក Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភាបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការ​នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធ​និយោជក​ហ្វ្រង់​កូហ្វូន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងបារាំង ឱ្យកាន់ត រឹងមាំ សម្តេចធិបតី​នាយករដ្ឋមន្ត្រី ក៏នឹងចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយក្រុមហ៊ុនបារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងឯកសារស្តីពី ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី (APF) ផងដែរ។

អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជនៃនសភាពាណិជ្ជកម្មកម្ពុជា៕