(ព្រះសីហនុ)៖ លោក យូរសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសង្គមកិច្ច។

លោក សម សភា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងកម្មវិធីក្នុងការតាមដានជំរុញការចុះឈ្មោះ និងការបើកផ្ដល់សម្រាប់កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្នុងគ្រួសារមានបណ្ណសមធម៌។

លោកបានបន្តថា យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី នៅតែបន្តផ្តល់ភាពចាំបាច់ចំពោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារតាមរយៈការដាក់គោលនយោបាយគាំពារសង្គមជាអាទិភាព១ ក្នុងចំណោមអាទិភាពទាំង៦ ដែលនឹងចាប់ផ្តើមអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣ គឺមានកំណត់ក្នុងមុំទី៤ នៃបញ្ចកោណទី១។

លោកបន្ដថា យុវជនទាំងអស់ គឺជាធនធានមនុស្សដ៏ចាំបាច់ ក្នុងការរួមចំណែកសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយ សមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្តិសុខ ប្រាក់ចំណូលរបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺ «ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច»។

ក្នុងឱកាសនោះ លោក យូរសុះ សូឡៃម៉ាន បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកការកសាងមូលធនមនុស្ស គឺជាអាទិភាពគន្លឹះទីមួយ ក្នុងការជំរុញសេដ្ឋកិច្ច ឲ្យសម្រេចបាននូវគោលដៅរបស់កម្ពុជា នៅឆ្នាំ២០៣០ និងធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្តថា កម្មវិធីជាតិជំនួយសង្គម ដែលផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីនេះជាកម្មវិធីដំបូងគេ ដែលបានផ្តល់ការឧបត្ថម្ភជាសាច់ប្រាក់ផង និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផង ដែលយុវជនស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ ត្រូវតែចូលរួម ទទួលផលពីកម្មវិធីនេះឲ្យបានគ្រប់ៗគ្នាហើយត្រូវប្រកាន់ភ្ជាប់នូវអភិក្រម « រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារធ្វើ»៕