(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនក្នុងការផ្សព្វផ្សាយឲ្យបានចូលជ្រៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខា តឲ្យមកចុះឈ្មោះសិក្សានូវមុខជំនាញដែលខ្លួនចង់រៀន។ ម៉្យាងទៀត នៅតាមបណ្តាក្រុង ស្រុក បើមានលទ្ធភាពក្នុងការបង្កើត សាលាបណ្តុះបណ្តាលបាននោះ មន្ទីរនឹងបញ្ចុះគ្រូបបណ្តុះបណ្តាល បច្ចេកទេសដល់ពួកគាត់ ដើម្បីបង្កភាពងាយស្រួលមិនទៅឆ្ងាយផ្ទះរបស់ខ្លួន ដែលកត្តាទាំងនេះ ជាគោលដៅក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល ឲ្យសម្រេចបានជោគជ័យ។

លោក នាក់ ណេរ៉ុន លើកឡើងយ៉ាងដូច្នេះក្នុងបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី សមាសភាពពាក់ព័ន្ធក្រុង ស្រុក ឃុំ សង្កាត់ ជាមន្ត្រីបង្គោលទទួលបន្ទុកការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងអង្គការដៃគូពាក់ព័ន្ធ ប្រមាណជា២០០នាក់។

លោក នាក់ ណេរ៉ុន បានបន្តថា វគ្គបណ្តុះបណ្តាលដែលរៀបចំនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដែលក្នុងការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ហើយក៏ជាឱកាសសម្រាប់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីបង្គោលក្នុងការធ្វើវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងផែនការបន្តរបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងហានីភ័យ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រដល់ផ្នែកតម្រូវការ (ប្រជាពលរដ្ឋ) ឲ្យយល់ច្បាស់ និងចូលរួមក្នុងកិច្ចការងារនេះផង​ដែរ។ 

លោកបន្ថែមថា គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តោតសំខាន់ទៅលើកមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ចឲ្យសម្រេចបាន នូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

រាជរដ្ឋាភិបាល បានផ្តោតលើចក្ខុវិស័យដ៏សំខាន់នេះ សម្តេចមហាបវរធិបតី បានប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់យុវជនចំនួន១លាន៥សែននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រីបង្គោល និងថ្នាក់មូលដ្ឋាន សម្រាប់យកទៅអនុវត្តចំគោលដៅ ក្នុងការបង្កើននូវមុខ របរ ចំណេះវិជ្ជាជីវៈដល់យុវជនគ្រួសារក្រីក្រ និងងាយរងហានីភ័យ ក្នុងការបន្តនូវចំណេះដឹងរបស់ខ្លួន ឲ្យក្លាយជាធនធានមនុស្សនៅក្នុងសង្គម។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណង ផ្តល់ការតម្រង់ទិសដល់ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការ ផ្សព្វផ្សាយ ការតាមដានការផ្សព្វផ្សាយ និងការបើកផ្តល់សម្រាប់យុវជនក្នុងគ្រួសារមានប័ណ្ណសមធម៌ និងគ្រួសារ មានបណ្ណសម្គាល់គ្រួសារមានហានិភ័យ៕