(កណ្ដាល)៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត បានចូលរួមរំលែកទុក្ខ និងយកថវិកាជូនគ្រួសារសពមន្ដ្រីនគរបាល ចំនួន២រូប ដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះរួមមាន សពលោកវរសេនីយ៍ទោ ហេង ស៊ីថារ៉ូ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ថវិកាចំនួន៦,០០០,០០០រៀល និងសពលោកអនុសេនីយ៍ទោ ម៉ាន រ៉ាវី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ថវិកាចំនួន៦,០០០,០០០រៀល។

លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលផែនការងារធនធានមនុស្ស ក៏បាននាំនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏ដូចជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជូនដល់គ្រួសារសពមន្ដ្រីនគរបាលទាំងពីររូបផងដែរ៕