(ស្វាយរៀង)៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរដោះស្រាយរកយុត្តិធម៌ មូលហេតុមានក្រុមអាជីវករ ជីករណ្តៅដីយកអាចម៌ដីលក់ បានលួចឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋ៤គ្រួសារ ធ្វើផ្លូវដឹកអាចម៌ដីចេញទៅចាក់ឲ្យក្រុមហ៊ុន បង្កើតជាតំបន់សេដ្ឋកិច្ចសេសមួយកន្លែង និងបង្កហុយធូលីដីចូលលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីអមឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ការផ្ទុះការតវានេះកើតឡើង កាលពីព្រឹកថ្ងៃទី១១ ខែមករា រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ពុំទាន់មានដំណោះស្រាយនៅឡើយ។ 

បើតាមប្រជាពលរដ្ឋដែលរងគ្រោះ នៅភូមិឬស្សីអម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ស្រាប់តែមានអេស្កាវទ័រ២គ្រឿង ទៅលួចឈូសឆាយដីស្រែ និងឈូសរំលាយភ្លឺស្រែរបស់ពួកគាត់ ៤គ្រួសារ បង្កឲ្យបាត់ទ្រង់ទ្រាយដើមចូលគ្នា ដោយអយុត្តិធម៌ ដើម្បីធ្វើផ្លូវដឹកយកអាចម៌ដី ទៅលក់ឲ្យក្រុមហ៊ុនធ្វើអភិវឌ្ឍន៍។ ដោយឃើញភាពអយុត្តិធម៌បែបនេះ ពួកគាត់ទៅប្តឹងលោកមេភូមិឬស្សីអម និងលោកមេឃុំខ្សែត្រ ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ និងឃាត់សកម្មភាពឈប់ឲ្យឈុសឆាយបន្តដើម្បីដោះស្រាយ។

លោកមេភូមិឬស្សីអម បានអះអាង ក្រោយពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកបានរាយការណ៍ទៅលោកមេឃុំ ហើយបានរាយការណ៍ទៅលោកអភិបាលស្រុកកំពង់រោទិ៍ ដើម្បីដោះស្រាយ។ ការសម្របសម្រួលដោះស្រាយ តំណាងក្រុមហ៊ុន បានយល់ព្រម ធ្វើកិច្ចសន្យា សងការខូចខាត និងសុំជួលដីប្រជាពលរដ្ឋរងគ្រោះ៤គ្រួសារ  ក្នុង១ខែ១០០ដុល្លារ ក្នុង១គ្រួសារ រយៈពេល៨ខែ ក៏ប៉ុន្តែក្រុមអាជីវកម្មនោះមិនបានអនុវត្តតាមកិច្ចសន្យាទេ បែរជានិយាយថា ក្រុមហ៊ុនអត់ទាន់ទម្លាក់លុយឲ្យ។

ទាក់ទិនករណីនេះ លោកមេឃុំខ្សែត្រ បញ្ជាក់ថា ក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់នេះប្រមាណជា៥ក្រុម មកឈួសឆាយដីស្រែប្រជាពលរដ្ឋ និងជីកដីចំណីព្រែក ចាក់ដីលប់ប្រឡាយសាធារណៈរបស់រដ្ឋ ដោយគ្មានច្បាប់អនុញ្ញាតិ ឬជូនដំណឹងមកអាជ្ញាធរឃុំបានដឹងទេ ទើបលោករាយការណ៍លោកអភិបាលស្រុកកំពង់រោទិ៍ដើម្បីពិនិត្យ និងដោះស្រាយ។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ក៏បានចាត់លោកឃុត គីម អភិបាលរងស្រុក ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យដោះស្រាយលទ្ធផល ពិនិត្យឃើញថា ទី១៖ ក្រុមហ៊ុន ពុំទាន់មានច្បាប់អនុញ្ញាតិ ឬស្នើសុំមករដ្ឋបាលស្រុកកំពង់រោទិ៍ ដើម្បីប្តូរប្រភេទដី ឬចាក់ដី សាងសង់អ្វីនោះទេ, ទី២៖ ក្រុមអាជីវកម្មជីករណ្តៅដី យកអាចម៌ដីដឹកចាក់ឲ្យក្រុមហ៊ុន ក៏គ្មានច្បាប់អនុញ្ញាតិដែរ និងទី៣៖ ចំពោះក្រុមហ៊ុនចាក់ដីលប់ប្រឡាយសាធារណៈ ២កន្លែងធ្វើផ្លូវចរាចរណ៍រថយន្ត ក៏ពុំបានសុំច្បាប់ដែរ។

លោកអភិបាលរងស្រុក បានបន្ថែមថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ស្អែកនេះ លោកអភិបាលស្រុក ចាត់ក្រុមការងារអាជ្ញាធរភូមិ ឃុំ ស្រុក សហការជាមួយមន្ត្រីការិយាល័យភូមិបាល និងសុរិយោដីស្រុកកំពង់រោទិ៍ ចុះពិនិត្យវាស់វែងផលប៉ះពាល់ ដីស្រែរបស់ប្រជាពលរដ្ឋ និងដីចំណីព្រែក ដីចំណីប្រឡាយ ដើម្បីឲ្យក្រុមហ៊ុន រៀបចំគម្រោង សំណើសុំទៅអាជ្ញាធរខេត្តពិនិត្យដោះស្រាយ។

តំណាងក្រុមហ៊ុនម្នាក់ បានប្រាប់នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះថា ក្រុមហ៊ុនមានគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស (តំបន់សេដ្ឋកិច្ចពិសេសហ្វ៉ូយស៊ីន) ក្រុមហ៊ុនបានកំពុងរៀបចំច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្តឈូសឆាយធ្វើព្រំដី ហើយចំពោះការចាក់ដីលប់ប្រឡាយ២កន្លែងគឺ ធ្វើផ្លូវចូលរថយន្តនៅពេលរដូវវស្សា គឺដាក់លូបើកផ្លូវទឹកវិញ ហើយ។ នៅចំណុចដែលប៉ះពាល់ដីស្រែប្រជាពលរដ្ឋ៤គ្រួសារនោះ ក្រុមហ៊ុនកំពុងដោះស្រាយជូនប្រជាពលរដ្ឋ រីឯដីហុយ គឺឲ្យក្រុមដឹកដីបាញ់ទឹក។ ចំណែកដីព្រែក និងដីប្រឡាយ ក្រុមហ៊ុនបានដាក់សំណើស្នើទៅអាជ្ញាធរខេត្តស្វាយរៀង សុំស្តារព្រែក និងស្តារប្រឡាយដើម្បីយកអាចម៌ដី និងស្តុកទឹកនៅរដូវវស្សា។

បើតាមអាជ្ញាធរស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ក្រុមហ៊ុនបានប្រមូលទិញដីស្រែពីប្រជាពលរដ្ឋក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ប្រមាណជាង១០០ហិកតា ធ្វើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក៏ប៉ុន្តែពុំទាន់បានដាក់ពាក្យស្នើសុំចុះបញ្ជី ប្តូរដីកសិកម្មទៅជាដីសាងសង់នៅឡើយទេ ក៏ប៉ុន្តែក្រុមហ៊ុនបានដាក់ដេញថ្លៃឲ្យក្រុមអាជីវកម្មជីករណ្តៅដីធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរឡើយ៕