(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។ ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ មកពីតាមក្រុង ស្រុកទាំង៨។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកស្រី ប៉ាង រ៉ាវី សូមថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែលបានអនុវត្តនូវក្របខណ្ឌការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្តកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ក្នុងក្របខណ្ឌខេត្តព្រះវិហារ ឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកស្រីអភិបាលរង បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ដកម្មវិធីមួយទៀត គឺកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជា្ជជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់។

លោកស្រីបន្តថា កម្មវិធីនេះមានគោលបំណងដើម្បីផ្តល់ឱកាសដល់យុវជន ក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ពិសេសដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅ សម្រេចបានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ស្របពេលនឹងការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកស្រីសូមប្តេជ្ញាគាំទ្រជំរុញការអនុវត្ត ការផ្សព្វផ្សាយ និងការបង្កលក្ខណៈ ដល់កិច្ចដំណើរការរបស់កម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។

ក្នុងនោះ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ មេឃុំ ចៅសង្កាត់ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានគត់មត់ សំដៅធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ពិសេសយុវជននៅមូលដ្ឋានផ្ទាល់ បានសិក្សារៀនសូត្រ មានជំនាញពិតប្រាកដមួយក្នុងជីវិត ស្របតាមទីផ្សារការងារ ទទួលបានប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត ធ្វើឲ្យគ្រួសារគេចផុតពីភាពក្រី ធ្វើអោយជីវភាពពួកគាត់កាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ប៉ាង រ៉ាវី ក៏បានធ្វើការណែនាំនូវចំណុចមួយចំនួន រួមមាន៖
*រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ នូវកម្មវីធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ពិសេសកម្មវធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ឲ្យបានទូលំទូលាយដល់ស្រទាប់យុវជន នៅមូលដ្ឋានរបស់ខ្លួន
*ដាក់បញ្ចូលកម្មវិធីនេះ ចូលជារបៀបវារៈមួយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់របស់ខ្លួន
*សម្របសម្រួល និងឆ្លើយតបនូវបញ្ហាផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា
*សហការជាមួយអង្គការ សមាគម និងដៃគូរអភិវឌ្ឍនានា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ
*ប្រសិនបើត្រូវការជំនួយពីរដ្ឋបាលខេត្ត ក្នុងអំឡុងពេលអនុវត្ត ត្រូវសុំគោលការណ៍មករដ្ឋបាលខេត្ត
*រាយការណ៍លទ្ធផលនៃការអនុវត្តឲ្យបានជាប់ជាប្រចាំ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក៕