(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បាននឹងកំពុងចូលរួម ក្នុងកិច្ចប្រជុំឆ្លង គោលការណ៍ណែនាំ ស្ដីពីការអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងមន្ដ្រីពាក់ព័ន្ធ នៃក្រសួងទាំង២ជាច្រើនរូបទៀតផងដែរ។
ប្រធានបទនៃកិច្ចប្រជុំរួមមាន ទី១-គោលការណ៍ណែនាំ ស្ដីពីតំបន់អភិវឌ្ឍទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ទី២-សេចក្ដីថ្លែងការណ៍រួមស្ដីពីការគាំទ្រ និងជំរុញទីផ្សារទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ទី៣-ក្រុមការងារអន្ដរក្រសួង «គ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ» និងទី៤-កម្មវិធីបណ្ដុះបណ្ដាលមគ្គុទេសចរណ៍សហគមន៍៕