(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។
ការកត់សម្គាល់ប្រកបដោយសុទ្ធិនិយមដូចគ្នានេះ ត្រូវបានបញ្ជាក់ឡេីង ក្នុងឱកាសដែលលោកអភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។
លោកក៏បានថ្លែងអំណរគុណ លោក Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមកតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
ជាការឆ្លើយតប លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម។
ដូចគ្នានឹងលោកអភិសន្តិបណ្ឌិតដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថាកិច្ចសហប្រតិបត្តិការលើកិច្ចការច្បាប់រវាងភាគីទាំងពីរនឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។
ដេីម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសេីរឡេីងថែមទៀត ឧបនាយករដ្ឋមន្ដ្រី ស សុខា និងឯកអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាព ទៅលើវិធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងផងដែរ៕