(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានព្រមានទៅគណបក្សនយោបាយមួយចំនួន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ។

ការព្រមា​ននេះ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ហើយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី បានចែករំលែកបន្តនូវសេចក្តីអំពាវនាវនេះ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃសូមព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា "ការយល់ព្រមដោយចំហរ ឬដោយតុណ្ហភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន" គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបាន ហាមឃាត់»។

យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។

ក្រសួងមហាផ្ទៃ បានអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ៕

ខាងក្រោមនេះជាសេចក្តីព្រមានរបស់ក្រសួងមហាផ្ទៃ៖