(កំពង់ធំ)៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្ដាំឲ្យសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ត្រូវផ្ទៀងផ្ទាត់លើសន្លឹកឆ្នោតឲ្យបានច្បាស់លាស់ មុននឹងគូសលើសន្លឹកឆ្នោត។

លោកស្រី ឃួន ឃុនឌី បានថ្លែងដូចនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុក។

លោកស្រីបានបញ្ជាក់ថា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានការបោះឆ្នោតព្រឹទ្ធសភា (បោះឆ្នោតអសកល) ដែលមានក្រុមប្រឹក្សាឃុំ សង្កាត់ជាអង្គបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ ពីព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងប្រធានព្រឹទ្ធសភា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រឈរឈ្មោះជាប្រធានក្នុងអាណត្តិទី៥នេះ។

លោកស្រីបានផ្ដាំឲ្យត្រៀមលក្ខណៈរៀបចំខ្លួនឲ្យបានល្អមុននឹងទៅបោះឆ្នោត ពិសេសការទទួលទានអាហារឲ្យបានរួចរាល់ ពីព្រោះការិយាល័យដែលយើងបោះឆ្នោតមានតែ១គត់ គឺសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ទល់មុខវិទ្យាល័យកំពង់ធំ ហើយទីនោះថ្ងៃអាទិត្យមិនមានការលក់ដូរអ្វីទេ។

លោកស្រី ឃួន ឃុនឌី បានបន្តថា សមាជិក សមាជិកាដែលជាអង្គបោះឆ្នោត ថែសុខភាពឱ្យបានល្អ ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានល្អ ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ទីកន្លែងស្ថិតនៅទីស្នាក់ការគណបក្សខេត្ត ដោយធ្វើការបោះឆ្នោតសាកល្បង ហើយកុំភ្លេចត្រូវតែមានឯកសារពាក់ព័ន្ធមកជាមួយ ដោយគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១ ហើយយើងនឹងបិទការបោះឆ្នោតនៅស្រុកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើការបោះឆ្នោតសាកល្បងម្ដងទៀត។

ពិសសនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២៤ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ត្រៀមខ្លួននិងថែទាំសុខភាពឱ្យបានល្អ ហើយនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ ២០២៤ សមាជិកនៃអង្គបោះឆ្នោតទាំងអស់ត្រូវមានមុខនៅការិយាល័យបោះឆ្នោត ហើយត្រូវផ្ទៀងផ្ទាត់លើសន្លឹកឆ្នោតឲ្យបានច្បាស់លាស់មុននឹងគូសលើសន្លឹកឆ្នោត៕