(បន្ទាយមានជ័យ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ និងអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ដុតកម្ទេចចោលទំនិញខូចគុណភាព ប្រមាណ១៦០០គីឡូក្រាម នៅខាងក្រោយកាសីុផ្កាយ៥ ក្រុងប៉ោយប៉ែត ក្រោយពីទំនិញទាំងនេះ ត្រូវបានបង្ក្រាបបាននាពេលកន្លងទៅ។
នៅក្នងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោងប៉ែត លោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្ត កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត កម្លាំងអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ទំនិញខូចគុណភាពទាំងនេះ ត្រូវបានកម្លាំងសាខាកាំកុងត្រូលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះបង្ក្រាប និងទប់ស្កាត់ ព្រមទាំងដកហូតពីតាមផ្សារ នាពេលកន្លងទៅ រហូតមានការដុតកម្ទេចចោលនៅថ្ងៃនេះតែម្តង។
នៅក្នុងឱកាសនោះ លោកប៉ាន សូរសក្តិ បានប្រាប់ទៅមន្ត្រីសាខាកាំកុងត្រូលគ្រប់បណ្តាខេត្តបង្កើនការទប់ស្កាត់ បង្ក្រាប រាល់មុខទំនិញណាដែលបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអោយខាន់តែបាន។
លោករដ្ឋមន្ត្រីថ្លែងបន្តថា មន្ត្រីសាខាកាំកុងត្រូលសូមកុំគិតថា ប្រយោជន៍ផ្តល់ខ្លួនសំខាន់ឲ្យសោះ ឬមានន័យ សូមកុំឃុបឃិតជាមួយឈ្មួញខិលខូចលួចនាំយកទំនិញ ផលិតផលណាដែលបង្កប៉ះពាល់ដល់សុខភាព។
លោកបានបញ្ជាក់ថា មន្ត្រីសាខាកាំកុងត្រូលខិតខំបន្ថែមនូវអ្វីដែលថ្នាក់លើបានដាក់បញ្ជា និងខិតខំបន្ថែម ការអប់រំដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងពីមុខម្ហូប មុខទំនិញ និងផលិតផងណាដែលមិនប៉ះពាល់សុខភាព។
លោកស៊ាន សីុណាតប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ទំនិញដែលប្រមូលដុតកម្ទេចចោលមានទំងន់សរុបចំនួន ១៦០០គីឡូក្រាម មានដូចជា ទឹកក្រូច កម្ទេចមី កម្ទេចនំ ទឹកក្រូច មីកំប៉ុង ទឹកសេរ៉ូដប ទឹកដោះគោខាប់ ត្រីខ ទឹកខ្មេះ(ទឹកអាស៊ីត) និង ណែម សាច់ត្រី ដាក់លាយផ្សំជាមួយសារធាតុគីមី ប៉ូរ៉ាក់ ប៉ុន្តែធាតុពិតនៃសារធាតុនោះ គឺវាអាចបណ្តាលឲ្យអ្នកបរិភោគមាន សំពាធឈាមប្រែប្រួល មានអាការៈវិលមុខ ហើយថែមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ និងអាចបណ្តាលឲ្យស្លាប់ ប្រសិនបើទទួលទានជាប្រចាំ។
តាមមន្ត្រីជំនាញ កុមារ ជាមុខសញ្ញា ដែលនឹងអាចទទួលផលប៉ះពាល់បំផុតពីសារធាតុនេះ។ ក្រោយពេលបរិភោគ កុមារ អាចប្រឈមនឹងកង្វះសមត្ថភាពផ្នែកប្រាជ្ញាសា្មរតី មានជំងឺរុំារៃ និងអាចគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង៕