(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញជូនលោក អ៉ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ កម្មការិនីនៅតាមរោងចក្រជាមួយយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ការបង្ហាញជូនពីភាពជោគជ័យនេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក អ៉ីហ្គូ ទ្រីសមេន (Igor Driesmans) បានសម្តែងនូវការត្រេកអរចំពោះជោគជ័យនេះ ហើយលោកនឹងចូលរួមគាំទ្រក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ដែលសហភាពអឺរ៉ុប ក៏បានចុះហត្ថលេខា នៅក្នុងអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុមាត្រា៦ ដែលសំដៅលើការគ្រប់គ្រងនូវកម្រិតសីតុណ្ហភាពមិនឱ្យកើនឡើងលើសពីកម្រិតកំណត់ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ EU ក៏បានយកចិត្តទុកដាក់ផងដែរចំពោះ EU Green Deal, ASEAN Green Deal និងហេតុប៉ះពាល់បរិស្ថាន (Environment Impact Assessment)។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថាន។ បរិស្ថានជាបញ្ហាសកល ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ពីព្រោះបរិស្ថានមិនមានដែនកំណត់នោះទេ។ ចំពោះកម្ពុជាដែលមានក្រសួងបរិស្ថាន ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច និងបានបង្កើតនូវគំនិតផ្តួចផ្តើម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះក្រសួង មានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាផែនទីបង្ហាញផ្លូវ ហើយតាមរយៈយុទ្ធសាស្រ្តនេះក្រសួងនឹងសម្រេចឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាពជាជំហានៗ។

សូមរម្លឹកជូនថា ជំហានទី១ នៃភាពស្អាត ភាពបៃតង និងចីរភាពបានសម្រេចហើយ ក្រសួងបរិស្ថាននឹងបន្តទៅជំហានទី២ រួមគ្នាសំអាតសំណល់ប្លាស្ទិកលើគោក ក្នុងទឹក និងខ្យល់អាកាស ទៅតាមដំណាក់កាល និងជំហានៗ ឆ្ពោះទៅកាន់ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕