(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង បានរៀបចំកម្មវិធី «បរិច្ចាគឈាមដើម្បីដឹងគុណសន្តិភាព» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមអរសាទរ ខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលប្រទេសកម្ពុជាត្រូវបានសង្រ្គោះ និងរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាពិសេសដើម្បីដឹងគុណដល់សុខសន្តិភាព ដែលជាសមិទ្ធផល នៃកើតចេញពីថ្ងៃ៧មករានេះផងដែរ។ មិនតែប៉ុណ្ណោះ ចូលរួមបរិច្ចាគឈាម គឺដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលមានតម្រូវការឈាមជាចាំបាច់នៅ តាមមន្ទីរពេទ្យនានាក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា កម្មវិធីនេះបានចូលរួមពីសំណាក់ យុវជន យុវនារី ជាមន្ត្រីបម្រើការក្នុងក្រសួងព្រះបរមរាជវាំង សមាជិក សមាជិកា​ នៃស.ស.យ.ក. បម្រើការក្រសួងព្រះបរមរាជវាំងជាច្រើនរូប សរុប១៧៤នាក់ ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីសប្បុរសធម៌ បរិច្ចាគឈាមដើម្បីដឹងគុណសន្តិភាព៕