(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរជំនាញ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិព្រៃញាតិ ភូមិដូង ភូមិផ្លូវដំរី ចំនួន១,៧៧២ក្បាលដី ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាម្ចាស់ប័ណ្ណថា នេះជាគម្រប់៤០ឆ្នាំនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ មានន័យថាបានបញ្ចប់វិវាទ និងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំសម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញ យុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រម ទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។

ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានជំរុញ និងកំណត់គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។

ដោយឡែកក្នុង ក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស និងធនធានពីក្រុមការងារមកពី រាជធានីភ្នំពេញ និងអាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ ដោយបច្ចុប្បន្នទូទាំងខេត្ត មានមន្ត្រីក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ សរុបមានចំនួន ២១ក្រុម ស្មើនឹង៥១២នាក់ ក្នុងនោ ចំពោះលទ្ធផលសរុបគិតចាប់ពីថ្ងៃអនុវត្តរហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានអនុវត្តចំនួន ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុក ចំនួន០៩ វាស់វែងបានចំនួន ៥៧៩,៧៦៤ក្បាលដី,បញ្ចូលទិន្នន័យបានចំនួន ៥២២,៦៣៧ ក្បាលដី,គូសំក្បាលដីបានចំនួន ៥៧១,៤៤១ ក្បាលដី ចុះហត្ថលេខាបណ្ណចំនួន ៤២៦,៥៨៣បណ្ណ៕