(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និង​យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ រួមជាមួយក្រុមគ្រួសារសាច់ញាតិ ដែលមិនមាននរណាម្នាក់ពាក់ព័ន្ធក្នុងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាស់តឿនដល់យោធិនទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ដោយត្រូវផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីបញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់យោធិនគ្រប់រូប និងក្រុមគ្រួសារឱ្យបានយល់ជ្រួតជ្រាប​ និងបានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នសុខាភិបាលគិលានដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យរកសារញៀននៅក្នុងអង្គភាពនិងស្ថាប័ននីមួយៗ។ បើរកឃើញថាមានករណីផ្ទុកសារធាតុញៀន ត្រូវរាយការណ៍ជាបន្ទាន់មកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីស្នើសុំលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។

នាឱកាសនោះដែរ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័ន ដែលមានការពាក់ព័ន្ធបានប្តេជ្ញាចិត្តផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប ព្រមទាំងក្រុមគ្រួសារឱ្យបានជ្រួតជ្រាប និងបានប្តេជ្ញាចិត្តជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដាច់ខាត៕