(កណ្ដាល)៖ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់កងម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់នៅទូទាំងខេត្តកណ្ដាល ខិតខំបង្ក្រាបបទល្មើសនានា កុំឱ្យសេសសល់ ពិសេសអនុវត្តន៍ឱ្យម៉ឺងម៉ាត់ចំពោះ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុខសុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អ។

ការជំរុញបែបនេះរបស់លោក អង មង្គល បានធ្វើឡើងនៅកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។ ពិធីនេះមានការចូលរួមពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធផងដែរ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ឆ្លងតាមការពិនិត្យវាយតម្លៃអំពីសភាពការណ៍ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅទូទាំងខេត្ត ក្រុមប្រឹក្សាប្រឡងប្រណាំង បានកំណត់ចំណាត់ថ្នាក់ទាំង១២៧ ឃុំ-សង្កាត់ ដែលជាលទ្ធផលចំណាត់ថ្នាក់ប្រភេទ១ មាន១១៣ឃុំ-សង្កាត់ ប្រភេទ២ មាន ១៤ឃុំ-សង្កាត់ ប្រភេទ៣ មិនមាន ហើយនៅទូទាំងខេត្ត ពុំមានប៉ុស្តិ៍នគរបាលរដ្ឋបាលណាគ្មានចំណាត់ថ្នាក់ឡើយ។

លោកអភិបាលខេត្ត បានបន្តថា ក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានការកើនឡើង ៧២ករណី ក៏ប៉ុន្តែទោះបីជាបទល្មើសមានការកើនឡើងក៏ពិតមែន តែលទ្ធផលនៃការបង្ក្រាបទទួលបានខ្ពស់គឺ ២២៣/២៤២ករណី ស្មើនឹង ៩២%។

ទន្ទឹមនឹងនេះ លោក អង មង្គល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែល បានខិតខំធ្វើឱ្យការងារប្រឡងប្រណាំងឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តទទួលបានលទ្ធផលគួរជាទីមោទនៈ។

ទន្ទឹមនិងនេះ លោកបានជំរុញញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

លោក អង មង្គល បានជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ត្រូវធ្វើផែនការច្បាស់លាស់ ពង្រឹងចលនាប្រជាការពារ និងបន្តជំរុញចលនាប្រឡងប្រណាំងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត៕