(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ខណៈកំពុងចែកចាយគ្រឿងញៀន ព្រមទាំងដកហូតរួមជាមួយថ្នាំញៀន៨កញ្ចប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ចំណុចផ្លូវបេតុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ធុន រិទ្ធី អាយុ៣៥ ឆ្នាំ មុខរបរលក់ដូរមានទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិត្រពាំងពរ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រស្មុកស្មាញ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លុះជិះមកដល់ចំណុចផ្លូវបេតុង ភូមិត្រពាំងពរ ពេលដែលកម្លាំងសមត្ថកិច្ចកំពុងតែជាល្បាតក៏ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងតែដើរដោយស្ពាយកាបូបគួរឲ្យសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេរ បានរកឃើញថ្នាំក្រាមពណ៌សថ្លាចំនួន៩កញ្ចប់ធំ ល្មមចំនួន១កញ្ចប់ និងថង់ចំនួន៨កញ្ចប់ថង់ លាក់ទុកនៅក្នុងកាបូបស្ពាយជំហៀងរបស់ជនសង្ស័យ។

ក្រោយពេលរកឃើញកម្លាំងសមត្ថកិច្ច ក៏បានចាប់យកវត្ថុតាងមុខរក្សាទុក និងនាំខ្លួនជនសង្ស័យខាងលើមកធ្វើការសាកសួរ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕