(កំពង់ធំ)៖ ក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាជ័យជម្នះ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅភូមិសង្វាត ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅទី១២ ខែមករា ឆ្នាំ២០២៤ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រយា បានប្រាប់ទៅយុវជនថា បើគ្មានថ្ងៃជ័យជម្នះ ៧មករានោះទេ ច្បាស់ណាស់កម្ពុជានឹងមិនមានសន្តិភាពពេញលេញនោះទេ។

លោកបានលើកឡើងថាសម្ដេចតេជោ ហ៊ុន សែន បានពលីសព្វបែបយ៉ាងដើម្បីយកជ័យជម្នះលើរបប ប៉ុល ពត ដែលបំភ្លេចបំផ្លាញប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិ ជាពិសេសថ្មីៗនេះគឺការនាំឱ្យមាននូវបុណ្យជាតិ «ទិវាសន្តិភាព ២៩ ខែធ្នូ» ផងដែរ។

លោកបានផ្ដាំផ្ញើដល់សមាជិក សមាជិកាសូមនាំគ្នារក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឱ្យបានមានការ រីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបានណែនាំផ្តាំផ្ញើរដល់ប្អូនៗដែរជាយុវជន និងដល់ប្រជាពលក្នុងមូលដ្ឋានចូលរួមកាត់បន្ថយ និងឈប់ប្រើបាស់ថង់ប្លាស្ទិក ដើម្បីជួយឱ្យភូមិ ឃុំមានសោភ័ណភាពល្អនឹងជួយដល់បរិស្ថាន ថែរក្សាបរិស្ថានដែលបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ៕