(ភ្នំពេញ)៖ សមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម បានចុះសួរសុខទុក្ខលោកតា ផ្លុង មឿក ជាសិល្បករជើងចាស់ ដែលលោកកំពុងមានជំងឺរាំរ៉ៃ នៅគេហដ្ឋានរបស់លោកតា។ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីលេចឮដំណឹងថា លោកតា ផ្លុង មឿក ដែលទទួលទំនុកបំរុងឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ នៅតែពុំអាចរ៉ាប់រងក្នុងការព្យាបាលជំងឺរបស់គាត់បាន។
លោកតា ផ្លុង មឿក ត្រូវបានសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក រួមទាំងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥០ម៉ឺនរៀលទៀត ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ ដែលកូនរបស់គាត់បានទៅបើកជាប្រចាំពីខុទ្ទការល័យសម្តេចតេជោ រហូតមកមិនដែលខាន។ ក្រៅពីនោះ លោកតាក៏នៅទទួលបានប្រាក់ចូលនិវត្តន៍ចំនួន ៣០ម៉ឺនរៀលក្នុងមួយខែ ពីក្រសួងវប្បធម៏ និង វិចិត្រសិល្ប: ហើយថ្មីៗនេះទៀត ប្រាក់ចូលនិវត្តន៍របស់លោកតាក៏បានឡើងដល់ ៣៦ម៉ឺនរៀលទៀត។
កូនស្រីរបស់លោកតា ផ្លុងមឿក ក៏បានបញ្ជាក់ថា ទោះបីប្រាក់ឧបត្ថម្ភសរុបមានចំនួន ៨៦ម៉ឺនរៀលក្នុងមួយខែៗ ក៏មិនអាចរ៉ាប់រងបន្ទុកចំណាយលើកការព្យាបាលជំងឺ បានទាំងស្រុងដែរ ក៏ប៉ុន្តែគឺបានសម្រាលនូវបន្ទុកចំណាយមួយចំនួន។
ក្នុងនាមសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានចុះសួរសុខទុក និងពិនិត្យមើលស្ថានភាព លោកតា ផ្លុង មឿក នាពេលនេះ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាមន្ត្រីរាជការ និងសប្បុរសជននានា ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខ លោកតា ផ្លុង មឿក អ្នកសិល្បករ ក៏ដូចជា ប្រជាពលរដ្ឋគ្រប់រូបដែលជួបការលំបាក ហើយជាពិសេសដល់មិត្តសិល្បករ៕