(ឧត្តរមានជ័យ)៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ស្រាវជ្រាវករណីកាប់ប្រហារ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចកែងស្ពានកណ្ដែក ភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង បានដោយជោគជ័យឃាត់ខ្លួនជនសង្ស័យ២នាក់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ដោយប្រើប្រាស់ជំនាញតាមដានជាប្រចាំរហូតអស់រយៈពេលជាង១០ថ្ងៃ ទើបកម្លាំងជំនាញបានធ្វើការកំណត់បានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន៖ ទី១៖ឈ្មោះ ចន គឹមចេន អាយុ១៦ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់ សំរោង ក្រុងសំរោង និងទី២៖ឈ្មោះ សម្បួរ ម៉េងហៃ អាយុ២០ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។

ក្រោយមកទៀតពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺជនសង្ស័យទាំង២នាក់ ហើយបានសារភាពថា ពួកគេទាំង២នាក់ ពិតជាបានធ្វើសកម្មភាពស្ទាក់កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ពិតប្រាកដមែន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកែងស្ពានកណ្ដែក ស្ថិតក្នុងភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីហិង្សាដោយចេតនា កាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពស្ទាក់កាប់ទៅលើ ជនរងគ្រោះឈ្មោះ ម៉ោន រីន អាយុ១៦ឆ្នាំ មានទីលំនៅភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕