(ភ្នំពេញ)៖ ស្រ្តីមេម៉ាយម្នាក់ ដែលកំពុងទទួលរងភាពអយុត្តិធម៌រឿងចែកទ្រព្យសម្បត្តិជាមួយអតីតប្តីរបស់ខ្លួន បានបន្តស្វែងរកពន្លឺយុត្តិធម៌ជាថ្មីម្តងទៀត ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រោយពីសាលាឧទ្ធរណ៍ បានធ្វើការសម្រេចប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យភាគីប្តី ដោយលុបចោលនូវការសម្រចរបស់សាលាដំបូង ដែលតម្រូវឲ្យមានការចែកទ្រព្យសម្បត្តិរួមគ្នា។
លោកស្រី អីុវ ស្រ៊ឺ បានស្នើសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងសម្ដេចតេជោ ហ៊ុន សែន ដោយលើកឡើងថា តុលាការអនុវត្តនីតិវិធីមិនយុត្តិធម៌ជូនគូភាគី លើបទល្មើសក្លែងឯកសារសាធារណៈ មានន័យថា អតីតប្តីរបស់គាត់បានក្លែងឯកសារថ្នាក់មូលដ្ឋានដែលនាំឲ្យសាលាឧទ្ធរណ៍កាត់យ៉ាងនេះ។
លោកស្រី អុីវ ស្រ៊ឺ បានប្តឹងឈ្មោះ ង៉ែត សំណាង អតីតប្តីរបស់ខ្លួនទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ពីបទក្លែងឯកសារសារធារណៈ តែត្រូវបានតំណាងអយ្យការអមសាលាដំបូរាជធានីភ្នំពេញ ចោទប្រកាន់ពីបទក្លែងឯកសារសារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តែទាំងតំណាងអយ្យការ មានលោក កុល បុន ព្រះរាជអាជ្ញរងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ថាន់ ឡេ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឡើយ ក្នុងបទល្មើសក្លែងនេះ។ ករណីអយុត្តិធម៌នេះ លោកស្រី អ៉ីវ ស្រ៊ឺ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្ត។
លោកស្រី អ៉ីវ ស្រ៊ឺ ជាអតីតភរិយារបស់លោក ង៉ែត សំណាង ប៉ុន្តែមិនមានសំបុត្រអាពាហ៍ពិពាហ៍ឡើយ មានតែលិខិតបញ្ជាក់ ការរស់នៅជាប្តីប្រពន្ធជាមួយ លោក ង៉ែត សំណាង និងបញ្ជាក់ពីសិទ្ធិកាន់កាប់ ប្រើប្រាស់ គ្រប់គ្រងរួម លើដីឡូត៍លេខ៤៨ និងលេខ៩៣ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពីសំណាក់លោកមេភូមិ៣, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងលោកអភិបាលខណ្ឌចំការមន និងមានបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ និងរបាយការណ៍សំយោគរបស់នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ជាភស្តុតាងច្បាស់លាស់។
លោកស្រីបានដាក់ពាក្យសុំលេងលះគ្នា និងចែកទ្រព្យសម្បត្តិគ្នាជាមួយ លោក ង៉ែត សំណាង នៅសាលាដំបូងរាជធានីភ្នំពេញ ហើយសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម ឲ្យអ្នកទាំងពីរធ្វើការបែងចែកទ្រព្យរួមជាមួយគ្នា ជា២ចំណែក ស្មើៗគ្នា។ ប៉ុន្តែឈ្មោះ ង៉ែត សំណាង មិនសុខចិត្តនឹងការសម្រេចរបស់តុលាការសាលាដំបូងឡើយ ដោយបានប្តឹងជំទាស់ទៅតុលាការសាលាឧទ្ធរណ៍បន្ត តែបុគ្គលរូបនេះ បានក្លែងសៀភៅស្នាក់ ឯកសារពាក់ព័ន្ធបន្លំថា ខ្លួនមិនមែនជាប្តីរបស់លោកស្រី អ៉ីវ ស្រ៊ឺ ឡើយ ជាហេតុធ្វើឲ្យតុលាការសាលាឧទ្ធរណ៍ កាត់ក្តីទៅមានការភ័ន្តច្រឡំ ដោយសម្រេចលុបចោលសាលក្រមរបស់សលាដំបូងរាជធានីភ្នំពេញ ក្នុងការបែងចែកទ្រព្យសម្បត្តិរវាងលោកស្រី អ៉ីវ ស្រ៊ឺ និងឈ្មោះ ង៉ែត សំណាង។
ករណីភ័ន្តច្រឡំនេះ បានបង្កើតជារឿងអយុត្តិធម៌ ចំពោះលោកស្រី អ៊ីវ ស្រ៊ឺ ដែលជនរងគ្រោះ ទើបលោកស្រីបានពឹងពាក់មេធាវី រៀបចំឯកសារប្តឹងទៅ ឈ្មោះ ង៉ែត សំណាង ពាក់ព័ន្ធបទល្មើស ក្លែងឯកសារសាធារណៈ តែត្រូវបានចៅក្រម និងតំណាងអយ្យការសម្រេចមិនឃុំខ្លួនជនល្មើសនោះ។
ករណីនេះ ក្រុមអ្នកច្បាប់ប្រចាំអង្គការក្នុងស្រុកមួយ ដែលបានសុខចិត្តការពារក្តីឲ្យស្រ្តីមេម៉ាយរូបនេះ បានស្នើសុំទៅក្រសួងយុត្តិធម៌ មានលោក អង្គ វង្ស វុឌ្ឍានា ជារដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍លើរឿងអយុត្តិធម៌ខាងលើនេះ ដល់ជនរងគ្រោះ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនគូភាគី។
ជនល្មើសឈ្មោះ ង៉ែត សំណាង ហៅសីសុន អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវ៤៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងបក្ខពួកបានរួមគំនិតគ្នា ក្លែងឯកសារសាធារណៈ ហើយបានមាក់ងាយលើភាគីម្ខាងទៀត គឺលោកស្រី អ៉ីវ ស្រ៊ឺ ដែលជាដើមបណ្តឹង ដោយសារតុលាការបានកាត់ក្ដីមិនយុត្តិធម៌តាមច្បាប់ ធ្វើឱ្យខូចប្រយោជន៍ដល់ភាគីម្ខាង។
សូមបញ្ជាក់ថា ជាលទ្ធផល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ដីកាសម្រេចមិនឃុំខ្លួនតាមតុលាកាថ្នាក់ក្រោមដដែល។
ពាក់ព័ន្ធនឹងករណីនេះ អង្គភាព Fresh News មិនអាចទាក់ទងសុំការបំភ្លឺពីភាគីពាក់ព័ន្ធម្ខាងទៀតបានឡើយ៕