(កំពង់ឆ្នាំង)៖​ ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ថ្នាក់ដឹកនាំ សប្បុរសជនក៏ដូចជាមន្ទីរ ក្រសួងពាក់ព័ន្ធ ស្នើសុំជួយចូលរួមឧបត្ថម្ភ កសាងស្ពានឆ្លងស្ទឹងមួយកន្លែង (ស្ពានព្រៃក្រាំង) ដែលស្ពាននេះស្ថិតនៅក្នុងភូមិឃុំខាងលើ សម្រាប់ជាអត្ថប្រយោជន៍ដល់ការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាកសិករជាច្រើនភូមិ។

ព្រះគ្រូចៅអធិការវត្តមង្គលបញ្ញា ហៅវត្តបឆ្គោល ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ព្រះនាម ស៊ុន យីម បានមានថេរដីកាថា ដោយសារជួបការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំចំនួន២ នៃស្រុករលាប្អៀរ ទើបថ្ងៃនេះបងប្អូនប្រជាពលរដ្ឋ បានមូលមតិគ្នា បើកការដ្ឋានសាងសង់ស្ពានឈើឆ្លងស្ទឹងមួយកន្លែងដែលមានប្រវែង២០ម៉ែត្រ ធ្វើអំពីស៊ីម៉ង់ត៍ទៅតាមលទ្ធភាពជាក់ស្ដែងដែលពួកគាត់មានជាបណ្ដើរៗ។

បើតាមការប្រមាណតម្លៃស្ពានមួយនេះ ត្រូវចំណាយថវិការហូតដល់ជិត ៣ម៉ឺនដុល្លារ។ ក្នុងនាមព្រះអង្គជាព្រះចៅអធិការវត្តបាញ់ឆ្គោល ជំនួសមុខឱ្យបងប្អូនពុទ្ធបរិស័ទ សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុង និងក្រៅប្រ ទេស មេត្តាជួយឧបត្ថម្ភជាថវិកា ឬជាសម្ភារដើម្បីជួយកសាងស្ពានមួយកន្លែងនេះសម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដឹកកសិផលទៅតាមសទ្ធារបស់បងប្អូន។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់ ស្រុករលាប្អៀរ បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានមួយកន្លែងនេះមានប្រវែង២០ម៉ែត្រ ទទឹង៤.១០ ម៉ែត្រ កម្ពស់៦ម៉ែត្រឆ្លងកាត់ស្ទឹងជ្រៃបាក់ ដែលគ្រោ ងចំណាយថវិកាអស់ជិត៣ម៉ឺនដុល្លារ។

ក្នុងនាមលោកជាអាជ្ញាធរ ជំនួសមុខឲ្យប្រជាពលរដ្ឋ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានចិត្តសប្បុរសធម៌ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ទីរក្រសួងពាក់ព័ន្ធ មេត្តាជួយឧបត្ថម្ភជាសម្ភារដែកស៊ីម៉ង់ត៍ដើម្បីឲ្យការកសាងស្ពាន មួយកន្លែងនេះបានរួចរាល់ជាស្ថាពរ ដើម្បីឆាប់បានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ព្រោះថា បើតាមលទ្ធភាពដែលបានចាប់ផ្ដើមកសាងនៅពេលនេះមានទឹកប្រាក់ត្រឹម១៥០០ដុល្លារប៉ុណ្ណោះ។

លោកបានបញ្ជាក់ទៀតថា កាលដើមឡើយស្ពានមួយកន្លែងនេះជាស្ពានឈើ ដែលប្រជាពលរដ្ឋក្នុងភូមិបានកសាងតាំងពីឆ្នាំ១៩៨០មកម្ល៉េះ កន្លងមកពេលស្ពានបាក់បែកក៏ចេះតែជួសជុលប្រើប្រាស់បណ្ដើរៗរហូតមក ទើបតែបាក់រលំកាលអំឡុងខែមករា ឆ្នាំ២០២៣ ក្រោយពេលប្រជាពលរដ្ឋប្រមូលផលស្រូវអស់ ដោយមានទឹកជំនួនធំធ្លាក់ពីលើក៏បានហូរផ្ដាច់ស្ពាននេះតែម្ដង។

លោកបានបញ្ជាក់ថា បន្ទាប់ពីធ្វើការអំពាវនាវជាបណ្ដើរៗក៏មានសប្បុរសជនជួយឧបត្ថម្ភខ្លះៗផងដែរ។ ក្នុងនោះលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានជួយឧបត្ថម្ភស៊ីម៉ង់ត៍មួយតោន និងលោកឧត្តមសេនីយ៍ឯក ទៀប ហ៊ន ក៏បានជួយឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ២តោនផងដែរ៕