(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជាពិធីអប់រំព្សព្វផ្សាយមេរោគអេដស៍ ជំងឺអេដស៍ ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។ ពិធីនេះបានធ្វើឡើងនៅស្រុកស្ទោង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

លោក សាយ គឹមឡម ប្រធានអនុសាខាស្រុកស្ទោង បានរាយការណ៍ថាអនុសាខាបានខិតខំចុះតាមមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីមហន្តរាយដែលកើតមានពីឥទ្ធិពលខ្យល់កន្ត្រាក់ និងអគ្គីភ័យផ្សេងៗហើយអនុសាខាបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជនជួបគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ សរុបចំនួន ៤១២ករណី។

លោក ងួន រតនៈ សូមលើកទឹកចិត្តដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោងទាំងអស់ ប្រការសំខាន់ដែលជាក្រឹត្យវិន័យរបស់យុវជនកាកបាទក្រហម គឺត្រូវធ្វើជាគំរូល្អសម្រាប់យុវជនដទៃទៀត តាមរយៈការប្រើយុវភាពរបស់ខ្លួនជាប្រយោជន៍ដល់សង្គម ពីមួយថ្ងៃទៅមួយថ្ងៃ យុវជនល្អកាន់តែមានច្រើន លប់បំបាត់ក្មេងទំនើងបងតូចបងធំអ្នកគ្រឿនញៀន គ្រឿងស្រវឹង ល្បែងពាលាអាវាសែ ដែលបង្កជាបាតុភាពមិនល្អដល់សង្គម ។

លោក ងួន រតនៈ បានបន្តថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរបស់ក្មួយៗជំនឿជឿជាក់ថាបណ្តាមេរៀនសំខាន់ៗ មួយចំនួនមានដូចជា៖ ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម តួនាទីភារកិច្ចរបស់យុវជនកាកបាទក្រហម រួមនិងខ្លឹមសារសំខាន់ៗ មួយចំនួនទៀត។

លោក ងួន រតនៈ បានជំរុញគ្រូបង្គោលត្រូវឧស្សាហ៍ធ្វើបទបង្ហាញជូនដល់ក្មួយៗរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកការស្ម័គ្រចិត្ត ជាកម្លាំងចលករប្រកបដោយថាមពល ជាបញ្ញាជន និងជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ចូលរួមក្នុងចលនាយុវជនកាកបាទក្រហម ពោរពេញដោយ បេះដូងមនុស្សធម៌ ដោយក្តីអាណិតអាសូរស្រឡាញ់មនុស្សផងគ្នា រួមចំណែកបង្កើនឧត្តមផលប្រយោជន៍ ប្រទេសជាតិ សហគមន៍ និងគ្រួសារ។

ក្នុងកម្មវិធីនេះដែរក៏មានពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ស្រុកស្ទោងចំនួន ៧០នាក់ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋចំនួន ១៧៣គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួនទៀតផងដែរ៕