(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតប ជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុឈ្មោះ Pich bunny ដែលបានបង្ហោះមានខ្លឹមសារថា «ករណីកាប់ប្លន់ពូម៉ូតូឌុបបានសម្រេច នៅក្រុងអរិយក្សត្រថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រនេះ មានការព្រួយបារម្ភដល់សុវត្ថិភាពក្រុមគ្រួសារនិងពុកម៉ែបងប្អូនទាំងអស់ ដែលនៅក្រុងអរិយក្សត្រ សូមស្នើសុំដល់អភិបាលក្រុង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយត្រួតពិនិត្យលើករណីចោរឆក់ ចោរប្លន់ផង មួយរយៈនេះមានករណីចោរឆក់កាបូក ចោរកាប់ប្លន់ចោរលួច និង ករណីគឿងញៀនជាច្រើនជាបន្តបន្ទាប់ ហើយក៏សូមពុកម៉ែបងប្អូនទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នាផង»

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហាញថា ករណីនេះកើតហេតុនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖៣០នាទី ចំណុចក្នុងព្រៃត្រែងមាត់ទន្លេមុខវត្តសារិកាកែវ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នួន សារួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ហើយសម្ភារបាត់បង់ ម៉ូតូម៉ាកHONDA C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0614 ១គ្រឿង។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖២៥នាទី ជនសង្ស័យបានឆ្លងទូកដរមកពីខាងជ្រោយចង្វារ រាជធានីភ្នំពេញ មកដល់ខាងកំពង់ទូកដរស្វាយជ្រំ សង្កាត់ស្វាយជ្រំ បានហៅម៉ូតូជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុប ឲ្យជិះឌុបទៅខាង ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ។

ពេលជិះទៅដល់មុខវត្តសារិកាកែវ ជនសង្ស័យ បានឲ្យជនរងគ្រោះជិះចុះតាមផ្លូវលំកាត់ព្រៃត្រែង ទៅខាងមាត់ទន្លេពេលដល់ក្នុងព្រៃត្រែងជនសង្ស័យ ក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសជាទម្ងន់ ជនរងគ្រោះបានដួល ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះត្រឡប់ក្រោយ មកខាងភូមិអរិយក្សត្រគេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។

ករណីនេះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ យកមកផ្ដន្ទាទោសឲ្យខានតែបាន៕