(បាត់ដំបង)៖ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ហែម ថេង បានដឹកនាំក្រុមការងារចម្រុះមកពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី ចុះដោះស្រាយបញ្ហាកង្វល់ និងសំណូមពររបស់ប្រជាពលដ្ឋក្នុងឃុំ បានដោយជោគជ័យទាំងស្រុង ធ្វើឲ្យពួកគាត់អបអរសាទរ និងមានចិត្តសប្បាយរីករាយគ្រប់ៗគ្នា ក្នុងឱកាសវេទិកាសាធារណៈថ្នាក់ជាតិ ដែលមានប្រជាពលរដ្ឋចូលរួមទាំង១០ភូមិ មានប្រមាណ១,០០០នាក់ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ និងសការីទាំងអស់ តែងតែចុះមកមូលដ្ឋានជាប្រចាំ ដើម្បីពិនិត្យមើលពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាកង្វល់ ការខ្វះខាតរបស់ពួកគាត់ ព្រមទាំងបានកសាងសមិទ្ធិផលជាច្រើនមានដូចជា ធ្វើផ្លូវថ្នល់តាមភូមិ ជីកប្រឡាយតូចធំ រំដោះទឹក ស្តុកទឹកទុកសម្រាប់ធ្វើស្រែចំការ និងបានធ្វើកិច្ចការ ជាច្រើនទៀត បម្រើពួកគាត់បានល្អប្រសើរ ដោយក្រុមការងារពួកលោក ជាមន្រ្តីរាជការត្រូវបម្រើ និងទុកប្រជាពលរដ្ឋជាធំ ហៀងមិនមែនទុកខ្លួនឯង ជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
នៅក្នុងឱកាសនោះដែរ ក្រុមការងារថ្នាក់ជាតិ បានបើកចំហរដោយសេរី ឲ្យប្រជាពលរដ្ឋទូទៅបានឡើងបញ្ចេញមតិ ជាប្រយោជន៍ផ្ទាល់ខ្លួនផង ប្រយោជន៍រួមផង ជាច្រើននាក់ និយាយពីបញ្ហាទំនាស់ដីធ្លី ការខ្វះខាតទឹកធ្វើស្រែ ការជីកប្រឡាយបង្ហូទឹក ធ្វើផ្លូវចាក់គ្រួសក្រហមក្នុងភូមិនានា ចាស់ជរា ស្ត្រីមេម៉ាយ ចិញ្ចឹមកូនចៅ គ្មានលទ្ធភាពរៀន ទីតាំងផ្សារលក់ដូរ ជាដើម។
លោកប្រធានក្រុមការងារ បានបន្តថា «ការធ្វើវេទិការសាធារណៈនេះ គឺល្អណាស់ យើងបានដឹងពីសុខទុកប្រជាពលរដ្ឋច្រើន ហើយយើងមានជួយពួកគាត់ក៏បានច្រើនដែរ កន្លងមកក៏ធ្លាប់បានធ្វើជាច្រើនដងមកហើយ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីក្តាប់សភាពការណ៍ផ្សេងៗបានដឹង ងាយស្រួលជួយពួកគាត់បានទាន់ពេលវេលាផងដែរ»។ ជាក់ស្តែងកាលពីម្សិលមិញ លោកបានដោះស្រាយជាបន្ទាន់មួយដែរ ដោយបានជួយទុយោជ័រធំ៣០ដើម លូទំហំ៦តឹក ១៨កង់ ប្រេងចាក់ម៉ាស៊ីនបូមទឹក៦០០លីត្រ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងអស់គ្នា បានថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានដោះស្រាយបញ្ហា បានទាំងស្រុង ព្រមទាំងបានបន្តជួយ កសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត តាមសំណូមពរ និងតាមសំណើរគ្រប់សំណូមពរ របស់ពួកគាត់ស្នើសុំទៀតផង។ បន្ទាប់ពីបានឆ្លើយតបគ្រប់សំណួររបស់ប្រជាពលរដ្ឋ ព្រមទាំងបានដោះស្រាយរួចមក ក្នុងពិធីវេទិការនេះ លោកឧត្តមសេនីយ៍ ក៏បានប្រគេនស៊ីម៉ង់ត៍ ជូនព្រះសង្ឃ វត្តភ្នំសំពៅ៥តោន និងជូនវត្ថុកំដរដៃដល់ប្រជាពលរដ្ឋទាំង១,០០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ក្រម៉ា១ ផងដែរ៕