(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ពេជ្រ សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល ជាមួយលោក លោកស្រីអភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុកចន្ទ្រា និងបន្តដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ។

ក្នុងឱកាសនោះលោកបណ្ឌិត សម តារា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោក លោកស្រី ដែលជាអភិបាលស្រុកអភិបាលរងស្រុក ក្រុមប្រឹក្សាស្រុកទាំងអស់នៅក្នុងស្រុកចន្ទ្រា និងប្រជាពលរដ្ឋដែលមានជីវភាពខាតនាពេលនេះផងដែរ។

លោកបណ្ឌិតក៏បានបន្ថែមថា ការដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺដើម្បីប្រសិទ្ធភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ  កាត់បន្ថយភាពក្រីក្រ ពង្រឹងសមត្ថកិច្ច លើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  ហើយដើម្បីឱ្យកម្ពុជាធានានូវភាពប្រកួតប្រជែង ដោយធានាដល់ការ អភិវឌ្ឍយូរអង្វែង ត្រូវបានកំណត់អាទិភាពគន្លឹះបន្ថែម ពីមុនយើងមានមនុស្ស ផ្លូវ ទឹក ភ្លើង យើងមានបួននោះ ឥឡូវបូកជាមួយបច្ចេកវិទ្យាឌីជីថលមួយទៀត ដើម្បីឱ្យមន្ត្រីរាជការយើងក៏ដូចជាប្រជាពលរដ្ឋមានទំនើបកម្ម ។

បន្ថែមលើសពីនេះលោកបណ្ឌិត បានស្នើដល់អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាត្រូវខិតខំដោះស្រាយសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការ ថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឲ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់ ជាពិសេសត្រូវព្យាយាមខិតខំដោះស្រាយតាមក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានណែនាំដល់គ្រួសារដែលមានជីវភាពខ្វះខាត ត្រូវខិតខំប្រកបរបររកស៊ីទទួលទានបន្ថែមទៀត ដើម្បីឲ្យជីវភាពកាន់តែប្រសើរជាងនេះ ក្នុងនោះត្រូវបញ្ជូនកូនឲ្យបានសិក្សារៀនសូត្រនៅសាលារៀន ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យជីវភាពក៏ដូចជាការងារមានការផ្លាស់ប្ដូររីកចម្រើនទៅមុខបានមានអនាគតល្អប្រសើរ។

លោកបណ្ឌិតបន្តថា អំណោយនៅថ្ងៃនេះទោះបីតិចតួចក៏ពិតមែន ប៉ុន្តែក៏អាចដោះស្រាយសម្រាលជីវភាពប្រចាំថ្ងៃបានមួយគ្រាផងដែរ ទាំងនេះជាការគិតគូររបស់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅមូលដ្ឋានគឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយមិនដឹងនោះឡើយ។

សូមបញ្ជាក់ថា លោកបណ្ឌិត សម តារា បានឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពខ្វះខាតមានគ្រឿងឧបភោគបរិភោគ និងថវិការក្នុងមួយគ្រួសារចំនួន ៥ម៉ឺនរៀលនិងឧបត្ថម្ភដល់សាលាស្រុកចន្ទ្រាចំនួន៥០មុឺនរៀល ព្រមទាំងឧបត្ថម្ភបន្ថែមដល់គ្រួសារដែលមានជីវភាពខ្វះខាតហើយត្រូវបញ្ជូនកូនឲ្យចូលសាលារៀនចំនួន៥ ម៉ឺនរៀលបន្ថែមទៀត សរុបថវិការក្នុងកម្មវិធីចំនួន១,៧៥០០០០រៀលផងដែរ៕