(រតនគិរី)៖ វគ្គបណ្តុះបណ្តាលស្តីពី «ការបើកប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» បានបើកដំណើរការរយៈ ពេល១ថ្ងៃ ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

វគ្គនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសម្បទា លោក លោកស្រី អភិបាលក្រុង ស្រុកទាំង៩ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ សង្កាត់ និងមន្រី្តពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ញ៉ែម សំអឿន បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈ ប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»

លោកថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះ គឺចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ញ៉ែម សំអឿន ក៏បានសាទរចំពោះសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាល គឺការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែល ប្រទេសកម្ពុជាកំពុងតែទទួលផលពីផ្លែផ្កា នៃសុខសន្តិភាព ដែលជាមរតកស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលសម្តេចបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទន្ទឹមនឹងការស្តារបាននូវស្ថានភាព សេដ្ឋកិច្ចនយោបាយ ឈានមកដល់ការបើកដំណើរការសេដ្ឋកិច្ចសង្គម ឱ្យមានប្រក្រតីភាពតាមគន្លងថ្មីឡើងវិញ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលជាអ្នកប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែលកន្លងមកពិតជាបានអនុវត្តនូវ ក្របខណ្ឌ ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ទាំងការផ្តល់សេវាសាធារណៈ និងទាំងការអនុវត្ត កម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេសនិយាយរួម និងក្នុងក្របខណ្ឌខេត្ត និយាយដោយឡែក ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈនៅក្នុងខេត្តរតនគិរី ដែលមានចំងាយឆ្ងាយជាងគេនេះធ្វើឲ្យប្រជាពលរដ្ឋទទួលបានលទ្ធផលដូចខេត្តដទៃទៀតផងដែរ៕