(បន្ទាយមានជ័យ)៖ មន្ត្រីរាជការ អាជីវករ យុវជន យុវតី និងប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ បានប្រមូលផ្តុំជួបជុំគ្នាពិសាអាហារសាមគ្គី និងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៨៩ - ៧ មករា ២០២៤) នៅក្នុងបរិវេណបុរីដឹផាក ក្រុងប៉ោយប៉ែត យ៉ាងសប្បាយរីករាយ ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួុយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន។

ពិធីនេះដែរបានធ្វើឡើងនាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួុយមូលដ្ឋានក្រុងប៉ោយប៉ែត លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ថ្នាក់ដឹកនាំស្រុកអារញ្ញប្រថេប ប្រទេសថៃ កងកម្លាំង យុវជន យុវតី ប្រជាពលរដ្ឋ និងបងប្អូនអាជីវករខ្មែរ-ថៃ ក្រោមបរិយាកាសភាតរភាព ស្និទ្ធស្នាល និងសប្បាយយ៉ាងក្រៃលែង។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា នេះជាប្រវត្តិសាសន៍សម្រាប់ក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តបន្ទាយមានជ័យ ដែលបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា យ៉ាងធំសម្បេីមនេះ ដែលបង្កេីតបានបរិយាកាសយ៉ាងសប្បាយរីករាយ ដល់អ្នកចូលរួមតាមរយៈការប្រគំតន្ត្រីដោយក្រុមតន្ត្រីយុវជនស្រលាញ់សន្តិភាព និងការចូលរួមច្រៀងសម្តែងដោយក្រុមកំប្លែង និងតារាចម្រៀងជេីងចាស់ជាច្រើន ពិសេសព្រឹត្តិការណ៍នេះក៏មានវត្តមានថ្នាក់ដឹកនាំ អាជីករ និងប្រជាពលរដ្ឋមកពីស្រុកអារញ្ញប្រថេប នៃព្រះរាជាណាចក្រថៃឡង់តិ៍ ដែលស្រុកជាប់ព្រំដែនក្រុងប៉ោយប៉ែត មកចូលរួមអបអរសាទរផងដែរ។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានថ្លែងកោតសរសេីរចំពោះការស្រលាញ់រាប់គ្នារវាងក្រុមការងារ មន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតផ្ទាល់ ក៏ដូចជាការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលក្រុងប៉ោយ ខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលស្រុកអារញ្ញប្រថេប នៃព្រះរាជាណាចក្រថៃឡង់តិ៍។

ជាមួយគ្នានេះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលេីកឡេីងថា លោកពិតជារំភេីបចិត្តណាស់ពេលដែលបានមេីលឃេីញនូវស្នាមញញឹម និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ការផ្ញេីក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ គឺជាអម្រែកបន្ទុកនិងជាការទទួលខុសត្រូវបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ដែលមានលោកជាប្រធានផ្ទាល់។

លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានប្តេជ្ញានឹងប្រឹងប្រែងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ដេីម្បីឆ្លេីយតបនឹងការគោរពស្រលាញ់ និងការជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងទិដ្ឋភាពយ៉ាងរីករាយរួមគ្នាមិនអាចបំភ្លេចបាននូវសកម្មភាពរបស់បងប្អូនទាំងគ្នាដែលបានកំពុងចូលរួមពិសាអាហារសាមគ្គី និងរាំលេងកម្សាន្តអស់ពីដួងចិត្តក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៨៩ - ៧ មករា ២០២៤) នៅក្នុងបរិវេណបុរីដឹផាក ក្រុងប៉ោយប៉ែតនាពេលនេះ៕