(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីប្រធានកិត្តិយសក្លឹបយុវជន ទីប្រឹក្សាយុវជន និងតំណាងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្ថមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ៩៦នាក់។

លោក ពិត ចំណាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំ ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សាយុវជន និងយុវជន នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តសកម្មភាពនៅតាមក្លឹបយុវជនរៀងៗខ្លួនជាប់ជាប្រចាំនាពេលកន្លងមក។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា ក៏បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន ៣ នៃកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលឱ្យគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់ដូចខាងក្រោម៖

១៖ ពិនិត្យ និងពិភាក្សាពីសំណូមពររបស់គ្រឹះស្ថានឧត្តមសិក្សា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងចលនាបណ្តាញយុវជនកាកបាទក្រហមកម្ពុជា។

២៖ ពិនិត្យ និងឯកភាពគ្នាលើសកម្មភាពអាទិភាពសំខាន់ៗហើយលេចធ្លោ ដែលយុវជនកាកបាទក្រហមកម្ពុជា ត្រូវធ្វើនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ទាំងរដ្ឋនិងឯកជន ដែលសកម្មភាពទាំងនោះ គឺជាសកម្មភាពជាក់លាក់ មានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។

៣៖ យន្តការក្នុងការពង្រឹងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ដោយឈរលើគោលការណ៍ចំនួន២ គឺ បរិមាណ និងគុណភាព។

ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានគូសបញ្ជាក់បន្ថែមពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការងារយុវជន ក្នុងភាពជាអ្នកដឹកនាំរបស់យុវជន សក្តានុពល និងការពង្រឹងសុខសន្តិភាពដោយផ្តោតលើយុវជន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លើសពីនោះលោកស្រីបានគូសបញ្ជាក់ពីការងារអាទិភាពក្នុងឆ្នាំ២០២៤ របស់កាកបាទក្រហមកម្ពុជា និងសំណូមពររបស់សាកលវិទ្យាល័យ ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាសំណូមពររបស់យុវជន ដែលបានដាក់ចេញក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនោះផងដែរ។

បន្ទាប់ពីទទួលបានមតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនរួចមក, លោក ពិត ចំណាន បានធ្វើការបូកសរុប និងផ្តល់អនុសាសន៍ដល់អង្គប្រជុំ ជាពិសេសសម្រាប់ការពាំនាំជូនដល់សាកលវិទ្យាធិការ នៅតាមគ្រប់គ្រឹះស្ថានឧត្តមសិក្សា រួមមាន៖

១៖ សូមបន្តកសាង និងពង្រឹងកម្លាំងយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ដោយឈរលើគោលការណ៍ បរិមាណនិងគុណភាព។

២៖ ធ្វើយ៉ាងណាធានាបន្តនិរន្តរភាពក្លឹបយុវជន ដោយឆ្កឹះសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយត្រូវពង្រឹងសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត។

៣៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញកម្លាំងយុវជនស្ម័គ្រចិត្តដទៃទៀត ដូចជាយុវជន សសយក យុវជនកាយរឹទ្ធជាតិកម្ពុជា ជាដើម​ ដើម្បីប្រសិទ្ធភាពមនុស្សធម៌បានយូរអង្វែង ដូចពាក្យថា «បើអ្នកចង់ដើរលឿន ដើរម្នាក់ឯង, បើចង់ដើរបានឆ្ងាយ ដើរទាំងអស់គ្នា»។

៤៖ សូមជំរុញនិស្សិត និងយុវជនឱ្យបង្កើនសមត្ថភាព ទេពកោសល្យ ចំណេះនិងជំនាញ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕