(កំពត)៖ អាជ្ញាធរខេត្ត សហការជាមួយក្រុមហ៊ុន សុខា ហូតែល-បូកគោ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដីធ្លី លើទីតាំងថ្មី នៃគំរោងទីលានវាយកូនហ្គោល ដែលបានប្រព្រឹត្ត ទៅនៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក សូត យា អភិបាលរងខេត្តកំពត លោក ស្វាយ វុទ្ធី តំណាងក្រុមហ៊ុន សុខា ហូតែល បូកគោ ប្រធានមន្ទីរ និងមន្ត្រីជំនាញ ព្រមទាំងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដីធ្លីដោះដូរ។
ជាលទ្ធផល នៃកិច្ចប្រជុំ ក៏បានឯកភាពគ្នារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ លើគោលការដោះដូរដី នៃគំរោងទីលានវាយកូនហ្គោល របស់ក្រុមហ៊ុន សុខា ហូតែល បូកគោ ដែលមានទីតាំង ចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដែលមាន២៦គ្រួសារ សរុបដីប្រមាណ៦០ហិកតា។
សូមបញ្ជាក់ថា ដី៦០ហិកតា របស់ប្រជាពលរដ្ឋ២៦គ្រួសារនេះ ជាដីប្រភេទព្រៃបូស ហើយ១កន្លែងបានវាស់វែងរួចហើយ ប៉ុន្តែទីតាំងថ្មីវាយកូនហ្គោល របស់ក្រុមហ៊ុន សុខា ហូតែល គំរោងជាន់នៅលើដីនោះ។ ដូច្នេះរាល់ទំនាស់កន្លងមក ក៏បានដោះស្រាយសំរួលគ្នារួចរាល់ហើយដែរក្នុងថ្ងៃនេះ លើកលែងតែ អ្នកអវត្តមាន៧នាក់ ក្នុង២៦នាក់ ឬ២៦គ្រួសារ ប៉ុណ្ណោះ ដោយមិនបានទទួលដំណឹង ពីអាជ្ញាធរមូលដ្ឋាន៕