(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ត្រីទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត ជាពិសេសរួមគ្នាបង្ក្រាបបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគ្រឿងញៀននៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការជំរុញបែបនេះរបស់ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៥៦ អាណត្តិទី៣ នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោកនូ សាខន បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ និងបំពេញបន្ថែមលើចំណុចដែលខ្វះខាត លើរបាយការណ៍សំខាន់ៗដែលបានដាក់ឆ្លងក្នុងកិច្ចប្រជុំ។ 

លោកគង់ សោភ័ណ្ឌ បានក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារបង្ក្រាប និងបន្តតាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន ជាងនេះទៅទៀត សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំទប់ស្កាត់ឱ្យបានលើករណីគ្រឿងញៀន ចំពោះអ្នកញៀនគ្រឿងញៀនត្រូវប្រើយន្តការអប់រំកែប្រែនៅមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងខេត្ត ដើម្បីឱ្យពួកគាត់មានឱកាស អភិវឌ្ឍន៍ខ្លួនតាមរយៈការរៀនជំនាញវិជ្ជាជីវៈផ្សេងៗនៅក្នុងមណ្ឌល  អាចប្រែក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គមឡើងវិញ។

សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ១០របៀបវារៈសំខាន់ៗ៕