(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជ​នសង្ស័យជាជនជាតិថៃចំនួន២នាក់ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ជនជាតិថៃប្រុសស្រី២នាក់ នៅចំណុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនស្ស័យទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត អាយុ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

*ទី២៖ ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកសិរីសោភ័ណ។

វត្ថុតាងចាប់បានរួមមាន៖ គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម, ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ក្រាម, ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម,ទូរស័ព្ទដៃ ចំនួន០២គ្រឿង, នាឡិកាដៃ ចំនួន០២គ្រឿង, កាបូប ចំនួន០២, លិខិតឆ្លងដែន ចំនួន០២ក្បាល, ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន, ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង និងថង់វេចខ្ចប់មួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា មុនឈានដល់ការបង្រ្កាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន ទទួលព័ត៌មានពីសន្ដិសុខថា មានករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់។ ភ្លាមៗលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យទាំ២នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕