(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣។ កិច្ចប្រជុំនេះដឹកនាំរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា គ្រឹះស្ថានអង្គរ និលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរក្រុង-ស្រុក លោកនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមផងដែរ។

កិច្ចប្រជុំនេះ បានលើកឡើងពីបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោតលើបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្រុមក្មេងទំនើង បញ្ហាការតវ៉ារបស់ក្រុមអ្នកដឹកជញ្ជូនភ្ញៀវ អំពីបញ្ហាតម្លៃចូលទៅអាកាស យានដ្ឋានអន្តរជាតិថ្មី ករណីចំណតសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៦ អាជីវករយកធ្វើទីតាំងដាក់ទំនិញរបស់ខ្លួន ករណីលំនៅដ្ឋានមិនទាន់រុះរើនៅតំបន់រមណីយដ្ឋានអង្គរ ករណីការបម្រើសេវាច្រកចេញចូលតែមួយ មានភាពយឺតយ៉ាវ លើវិស័យ សាធារណៈការ និងសំណង់ សុរិយោដី បញ្ហានៅតាមភោជនីយដ្ឋានយកផ្លូវថ្មើរជើងធ្វើជាចំណតរថយន្តក្រុង បញ្ហាការគ្រប់គ្រងផ្សារ និងភ្លើង នៅផ្សារឃ្យុងយូរ ករណីផ្លូវខូចខាតខ្វះការថែទាំ ស្ថិតក្នុងដែនសមត្ថកិច្ចអប្សរា និងរដ្ឋបាលខេត្ត ព្រមទាំងខ្វះការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលពហុកីឡាដ្ឋានខេត្ត និងបញ្ហាគ្មានគំនូស និងចំណាំងផ្លាតភ្លើងចរាចរណ៍ នៅតាម ទីប្រជុំជនស្រុក។

បន្ទាប់ពីមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិក នៃកិច្ចប្រជុំសាមញ្ញ លើកទី៥៦ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងបានអនុម័តទៅលើផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខេត្ត ព្រមទាំងបានអនុម័តលើសមាសភាពលោក ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកក្រុមប្រឹក្សាជាតិ និងជាសមាជិកគណៈកម្មការទំនាក់ទំនងសាធារណៈរបស់ សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ជំនួសលោក សាម សុជាង ដែលបានទៅទទួលភារកិច្ចថ្មី។

ក្នុងឱកាសនោះលោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែធ្នូ និងលទ្ធផលប្រចាំឆ្នាំ២០២៣ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងអនុវត្តឱ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

លោកបានជម្រាបទៅអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ពីតម្លៃក្នុងការចេញចូល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយស្មារតីកិច្ចប្រជុំរបស់អន្តរក្រសួង ត្រូវបានបញ្ចុះពី៣០% ទៅ៥០% លើផ្លូវ និងចំណតផង​ដែរ។

លោក អ៊ាន ឃុន បានលើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឱ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។

លោក អ៊ាន ឃុន បានបន្តថា ក្រោមការដឹកនាំរបស់អភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ បានបង្កភាពសប្បាយ រីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងការគ្រប់គ្រងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត។
លោកបានជំរុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ។

លោកបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕