(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបន្តជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំទាំង៥ ក្នុងស្រុកប្រាសាទសំបូរ នៅទីស្នាក់ការគណបក្សស្រុក ។

លោកស្រីសូមថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កន្លងមក។

លោកស្រីបានកោតសរសើរយ៉ាងក្រៃលែងដល់ក្រុមការងារសមាជិក សមាជិកាស្រុកឃុំទាំងអស់ ដែលបានខិតខំពុះពារបម្រើសេវាជូនប្រជាពលរដ្ឋ និងខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងចូលរួមបម្រើដល់ប្រជាពលរដ្ឋ ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានសំឡេងលើសលប់ហួសពីក្តីរំពឹងទុក្ខនៅក្នុងអាណត្តិទី៥នេះ។

ជាក់ស្ដែងគោលការណ៍គណបក្សប្រជាជនកម្ពុជា បានកំណត់អាសនៈនៅក្នុងខេត្តកំពង់ធំ ឱ្យបាន៤អាសនៈលើ ៦អាសនៈ ប៉ុន្តែយើងទទួលបាន៥អាសនៈលើ៦អាសនៈនេះ សបញ្ជាក់ឱ្យឃើញថា យើងទាំងអស់គ្នាបានដាក់កាយ ដាក់ចិត្ត ធ្វើអំពើល្អព្រមទាំងការបង្ហាញឱ្យឃើញពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឆក់យកបេះដូងការគាំទ្រពីបងប្អូនពុកម៉ែមាមីងដែលមិនធ្លាប់មានពីមុនមក។

លោកស្រីបានបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការ អភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់វែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ មានការបោះឆ្នោតព្រឹទ្ធសភា ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកបោះឆ្នោតជ្រើសតាំងដោយផ្ទាល់ ហើយលោកស្រីជំរុញឱ្យសមាជិក ក្រុមប្រឹក្សាឃុំទាំងអស់​ ថែរក្សាសុខភាពឱ្យបានល្អ និងបើកបរដោយការប្រុងប្រយ័ត្នក្រែងមានឧប្បហេតុកើតឡើងដោយចៃដន្យដែលធ្វើឱ្យសមាជិក សមាជិកាខ្លះអវត្តមានមិនបានចូលរួមបោះឆ្នោត នានាពេលដ៏ខ្លីខាងមុខនេះ ពីព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ក្នុងការជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងប្រធានព្រឹទ្ធសភាដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះជាប្រធានក្នុងអាណត្តិទី៥ ដែលតម្រូវឱ្យសមាជិកសមាជិកា នៃអង្គបោះឆ្នោតទាំងអស់ មិនត្រូវអវត្តមានជាដាច់ខាត។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថាសមាជិក សមាជិកាទាំងអស់មានសុខភាពល្អ និងចូលរួមបោះឆ្នោតគ្រប់ៗគ្នា។ លោក ឃួន ឃុនឌី បានសំណូមពរដល់សមាជិកសមាជិកាឃុំស្រុកទាំងអស់មានសុខភាពល្អ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងបន្តដឹកនាំក្រុមការងារឱ្យបានរឹងមាំ រីកចម្រើនឋិតថេរតទៅមុខទៀត។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធីលោកស្រីបានចែកជូនដល់សមាជិកសមាជិកាឃុំចំនួន៣១នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ និងថវិកាមួយចំនួនផងដែរ៕