(ភ្នំពេញ)៖ ក្នុងគោលបំណង ដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យចំពោះការមិន បង់ថ្លៃប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ មកប្រជុំនៅសាលារាជធានីភ្នំពេញ មុននឹងអនុវត្តការងារនេះ ឲ្យប្រសើរឡើង។

ដោយយោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ហួត ហៃ អភិបាលរង បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរបរិស្ថាន មន្ទីរជំនាញពាក់ព័ន្ធ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង និងមន្រ្តីជំនាញ ស្តីពីការចាប់ផ្តើមអនុវត្តការផាកពិន័យ ចំពោះអ្នកដែលចោលសំរាម និងសំណល់រឹងខុសម៉ោងពេល និងទីតាំងដែលបានកំណត់ និងអ្នកដែលមិនព្រមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង។

ពាក់ព័ន្ធបញ្ហាសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ក្នុងមួយខែប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេវាបង់ថ្លៃប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងចំនួននេះ រដ្ឋបាលរាជធានី ត្រូវខាតបង់ថវិកាប្រមាណពី៥០ទៅ៦០ម៉ឺនដុល្លារក្នុង១ខែ។

លោក ហួត ហៃ បានពន្យល់ថា កាលពីមានក្រុមហ៊ុន ស៊ីន ទ្រីតែមួយ ការប្រមូលសម្រាមបានចំនួន២៧០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ តែនៅពេលមានក្រុមហ៊ុនប្រមូលសំរាម៣ ក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលសំរាមបាន ប្រមាណ៣៩០០តោន ហើយក្នុង១តោន រដ្ឋបាលរាជធានី ត្រូវចំណាយថវិកាឲ្យទៅក្រុមហ៊ុនជាង ២០ដុល្លារ។ ក្នុងចំនួននេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ក្នុងមួយខែប្រមាណ ២លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេវាបង់ថ្លៃ ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងចំនួននេះ រដ្ឋបាលរាជធានី ត្រូវខាតបង់ថវិកាប្រមាណពី ៥០ទៅ៦០ម៉ឺនដុល្លារក្នុង១ខែ។

ក្នុងប្រជុំស្តីពីការពង្រឹងតួនាទី ភារកិច្ចរបស់ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ ការជំរុញការផាកពិន័យ ចំពោះអ្នកដែលចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ និងអ្នកដែលមិនព្រម បង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង និងការអនុវត្តអនុស្សរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។

លោក ហួត ហៃ បានលើកឡើងថា ការអញ្ជើញភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ មកប្រជុំនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ សហការជាមន្ត្រីបរិស្ថាន ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន។

លោកបានបន្តថា ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥នេះហើយ ជាភ្នែកជាច្រមុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះត្រូវចុះពិនិត្យឲ្យបានជាប្រចាំ ជុំវិញការទុកដាក់សំរាម សំណល់រឹង ពិសេស របាំងទ្រូងផ្លូវ(ប្លូ) ដាច់ខាត កុំឲ្យមានដី ឬធូលី ប្រឡាក់ ពោលគឺបើឃើញត្រូវជំរាបទៅភ្នាក់ងារក្រុមហ៊ុនប្រមូលសំរាម ដើម្បីមកសំអាតឬកើបចេញ បើមិនដូច្នេះទេ បើអភិបាលរាជធានីភ្នំពេញ ធ្វើដំណើរឆ្លងកាត់ឃើញទ្រូងផ្លូវ(ប្លូ)មានដី ឬធូលី ប្រឡាក់នោះ ភ្នាក់ងារអនាម័យនៅតាមសង្កាត់ ប្រឈមនឹងការផ្លាស់ប្តូរចេញ៕