(ភ្នំពេញ)៖ គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន ១៦រូប ដឹកនាំដោយ លោក ទុយ ច័ន្ទសុបញ្ញា មន្ត្រីអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញមកទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ប្រកបដោយភាពកក់ក្ដៅ។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលបានអញ្ជើញមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងបានផ្តល់ឱកាសដល់មន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ឡើងធ្វើបទបង្ហាញស្តីពី ប្រវត្តិ និងសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន ៤ រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ២- សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។

បន្ទាប់ពីបានស្តាប់បទបង្ហាញនេះរួច, ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន បានបង្ហាញនូវចំណាប់អារម្មណ៍ទៅលើការងាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

«ត្រង់ចំណុចខាងលើនេះ លោកស្រីអគ្គលេខាធិការស្តីទី បានជម្រាបជូនពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីទទួលគោរមងារទី១ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ រៀងមកនោះ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរួមចំណែកក្នុងការធ្វើឱ្យអត្រានៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះ តាមរយៈការលើកកម្ពស់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ដោយផ្តោតលើការមិនរើសចំពោះអ្នកផ្ទុកមេរោគអេដស៍ ការទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ ដោយមិនបានប្រើឱសថប្រឆាំងមេរោគអេដស៍ និងទប់ស្កាត់មិនឱ្យមានអ្នកឆ្លងមេរោគអេដស៍ថ្មី»

ពាក់ព័ន្ធនឹងការងារមេរោគអេដស៍ ជំងឺអេដស៍នេះដែរ លោកស្រីបានគូសបញ្ជាក់អំពីពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានទទួលពីអង្គការសហប្រជាជាតិ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងការបំពេញបាននូវយុទ្ធសាស្ត្រសូន្យបី របស់អង្គការសហប្រជាជាតិទៀតផង។ ទន្ទឹមនឹងនេះ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពីសុខភាពស្ត្រី កុមារ និងទារក បានរួមចំណែកធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូន និងអត្រាមរណភាពមាតា និងទារក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

ពាក់ព័ន្ធនឹងការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា, លោកអគ្គលេខាធិការរងទី២ បានគូសបញ្ជាក់ផងដែរ អំពីកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់វិទ្យាល័យ ដែលតែងតែឆ្លងកាត់ និងទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ឱ្យមានការយល់ដឹងពីចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រវត្តិកាកបាទក្រហមកម្ពុជា, វិជ្ជាសង្គ្រោះបឋម, ការងារប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពសាធារណៈជាដើម។ ដោយឡែកចំពោះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏ទទួលបានវគ្គបណ្តុះបណ្តាលជំនាញ ដែលពួកគាត់នឹងត្រូវធ្វើជាមួយសហគមន៍ផ្ទាល់ផងដែរ។

ឆ្លើយតបទៅនឹងការចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពផ្លូវចិត្ត, លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក៏បានជម្រាបជូនថា ការងារសុខភាពផ្លូវចិត្តនេះ ជាផ្នែកមួយនៃវិជ្ជាសង្គ្រោះបឋមរបស់កាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ននេះមានកាកបាទក្រហមសិង្ហបុរី និងអឌ្ឍចន្ទក្រហមព្រុយណេ ក្នុងនាមជាសមាគមជាតិនៅភូមិភាគអាស៊ីអាគ្នេយ៍ បានបង្កើតឱ្យមានមជ្ឈមណ្ឌលដែលផ្តល់នូវព័ត៌មាន និងឯកសារស្តីពីវិជ្ជាសង្គ្រោះបឋម ការសង្គ្រោះបឋមផ្លូវចិត្ត និងការជួយខាងផ្នែកចិត្តសាស្ត្រសង្គម។

ជុំវិញនឹងការងារផ្លូវចិត្ដនេះ លោកស្រីអគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានធ្វើការបណ្តុះបណ្តាលតាមអនឡាញ ដល់មន្ត្រី-បុគ្គលិក នៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្តផងដែរ។

បន្ទាប់ពីកម្មវិធីជួបសម្តែងការគួរសម និងសំណេះសំណាលរួចមក, ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានទាំង ១៦រូប បានទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍មូលដ្ឋាន ដែលធ្វើបទឧទ្ទេសនាមដោយមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

តាមការបញ្ចាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា កម្មវិធីរបស់យុវជនស្ម័គ្រចិត្តអាស៊ាននេះ គឺរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដែលប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ១០ប្រទេស និងកម្ពុជា ទាំង ១៦រូបនេះ នឹងធ្វើទស្សនកិច្ចសិក្សារយៈពេល ២២ថ្ងៃ នៅតាមស្ថាប័នផ្សេងៗ និងខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលកាកបាទក្រហមកម្ពុជា គឺជាគោលដៅទី១ ដែលគណៈប្រតិភូយុវជន បានចុះមកបំពេញទស្សនកិច្ចសិក្សា និងទទួលវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។

សម្រាប់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យរៀបចំបដិសណ្ឋារកិច្ចឱ្យបានល្អ មានទទួលអាហារសម្រន់ និងអាហារថ្ងៃត្រង់ ១ពេល រួមជាមួយការផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានគ្រប់ៗគ្នាផងដែរ៕