(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ ដូចមានក្នុងសេចក្តីប្រកាសនេះ។

វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕