(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រគល់-ទទួលសម្ភារៈឧបរកណ៍បរិក្ខារពេទ្យ ដែលជាអំណោយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១១ ខែមករា ឆ្នំា២០២៤ នាមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា- ចិនសែនសុខ ដែលមានការអញ្ជើញចូលរួម ពីលោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោក រ័ត្ន ច័ន្ទសុភា នាយកសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំកម្ពុជា និងតំណាងនៃសមាគមជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកបណ្ឌិត ងី មានហេង បានថ្លែងថា​ ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បាននឹងកំពុងអនុវត្តគម្រោងជួសជុលកែលំអអគារមន្ទីរពេទ្យ ផ្តល់ជំនួយឧកបរណ៍ វេជ្ជសាស្ត្រ និងសម្ភារៈបរិក្ខារពេទ្យផ្សេងៗដល់មន្ទីរពេទ្យបង្អែកទាំង៨ និងមណ្ឌលសុខភាពចំនួន ០១មណ្ឌល ចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ១៤គម្រោង គិតជាថវិកាចំនួន ១,៧៨៥,២៨៦.២៧ ដុល្លារអាមេរិក។

លោកបន្ដថា «គម្រោងមនុស្សធម៌ដ៏ថ្លៃថ្លានេះ បាននឹងកំពុងចូលរួមលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញបានកាន់តែប្រសើរឡើង និងជាផ្នែកមួយក្នុងការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាលតាមមន្ទីរពេទ្យបង្អែកទាំង៨ ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»

ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្តល់នូវសម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យបន្ថែម ស្របតាមតម្រូវការចាំបាច់ត្រូវបានអនុវត្តជាបន្តបន្ទាប់នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ប្រភពថវិកាសម្រាប់កែលម្អនេះ បានមកពីថវិការបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ ព្រមទាំងអង្គការមនុស្សធម៌។

លោកបានបន្ថែមថា សមិទ្ធផល និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ដែលសម្រេចបាន គឺមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង តស៊ូជំនះរាល់ឧបស័គ្គ របស់មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់ជំនាញ នៅគ្រប់លំដាប់ថ្នាក់ក្នុងប្រព័ន្ធសុខាភិបាល ក្នុងការបំពេញភារៈកិច្ចរបស់ខ្លួនក្នុងតួនាទីជាមន្ត្រីសាធារណៈបម្រើសុខភាពប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលបាននិងកំពុងបម្រើការងារផ្តល់សេវានៅរាជធានីភ្នំពេញ។

លោកបណ្ឌិត ងី មានហេង បានថ្លែងទៀតថា មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកថាការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីស្ថាប័នពាក់ពន្ធ័ គ្រប់ជាន់ថ្នាក់ ការចូលរួមយ៉ាងសកម្មពីសមាគម និងភាពជាដៃគូជាមួយផ្នែកឯកជន ការគាំទ្រថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅតែជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន ហើយវឌ្ឍនភាពនៃ ការអភិវឌ្ឍន៍ពីវិស័យផ្សេងទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាល។

ជាមួយគ្នានោះ លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងថា ការចូលរួមឧបត្ថម្ភគាំទ្ររបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្រោមគម្រោងមនុស្សធម៌ ក្នុងការជួយអភិវឌ្ឍន៍លើកកម្ពស់សេវាសុខាភិបាលសាធារណៈក្នុងរាជធានីភ្នំពេញ ជាកត្ដាចំាបាច់ដែលត្រូវការកិច្ចគាំទ្រសហការ ដើម្បីចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងការផ្ដល់ជំនួយ សម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងរាជធានីភ្នំពេញ។

ជាក់ស្ដែង គម្រោងមនុស្សធម៌ដ៏ថ្លៃថ្លាខាងលើនេះ បាននឹងកំពុងចូលរួមលើកកម្ពស់ការផ្ដល់សេវាសុខាភិបាល ជូនប្រជាជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានកាន់តែប្រសើរឡើង និងជាផ្នែកមួយក្នុងការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈ ជាមួយរាជរដ្ឋាភិបាលអាណត្ដិទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់បំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕