(ភ្នំពេញ)៖ លោកបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យលើដំណើរការរៀបចំប្រព័ន្ធបង្រៀនសមកាលកម្ម (Live teaching system) សម្រាប់កម្មវិធីសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះយុគន្ធរ រាជធានៅភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះលោកបណ្ឌិត សាន វឌ្ឍនា ក៏បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលា កម្លាំងកាយ និងប្រាជ្ញារបស់លោកគ្រូ អ្នកគ្រូ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្រៀន និងចូលរួមជម្រុញឱ្យដំណើរការរៀបចំប្រព័ន្ធបង្រៀនសមកាលកម្ម (Live teaching system) ប្រព្រឹត្តទៅបានយ៉ាងល្អផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបង្រៀនជាលក្ខណៈសមកាលកម្ម (Synchronized ឬ Live Teaching) ជាការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស ដើម្បីជួយបំប៉នសមត្ថភាពក្នុងទម្រង់ជាក្លឹបសិក្សា ជូនដល់សិស្សដែលរៀនយឺតតាមមុខវិជ្ជានីមួយៗ ពីថ្នាក់ទី៧ ដល់ទី១២ តាមរយៈគេហទំព័រទូរសិក្សារបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ៕