(ភ្នំពេញ)៖ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ បានលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ការងារសង្គម ជូនដល់និស្សិតខ្មែរ មកពីសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។

ក្នុងការជួបនេះដែរ សមាជិក-សមាជិកាសមាគម បានសម្តែងការគួរសមចំពោះ លោកស្រី ជ្រឹង បុទុមរង្សី ធ្វើបទបង្ហាញអំពីសកម្មភាពការងារ ដែលបានធ្វើនាពេលកន្លងមកនេះ និងផែនការការងារនាពេលខាងមុខ ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សមាគមក៏បានថ្លែងអំណរគុណដល់ លោកស្រី និងស្ថានទូតដែលតែងតែយកចិត្តទុកដាក់ដល់សមាគមនិងប្អូនៗនិស្សិត ផ្តល់ឱកាសសិក្សាការងារ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមជាមួយដៃគូរពាក់ព័ន្ធ ព្រមទាំងការទ្រទ្រង់សមាគម នាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោកស្រី ជ្រឹង បុទុមរង្សី ក៏បានបង្ហាញការកោតសរសើរដល់សមាគមនិស្សិតដែលតែងតែយកចិត្តទុកដាក់ និងមានភាពស្វាហាប់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត ឱ្យបានកាន់តែជិតស្និតនៅគ្រប់តំបន់ ព្រមទាំងចំពោះការចូលរួមចំណែក្នុងសកម្មភាពនានា រៀបចំឡើងដោយស្ថានទូត។

ទន្ទឹមនឹងនេះ លោកស្រី ជ្រឹង បុទុមរង្សី ក៏បានផ្តល់អនុសាសន៍ណែនាំលើសកម្មភាពការងារនាពេលកន្លងមក ក៏ដូចជាតម្រង់ទិសបន្ថែមលើ ផែនការសកម្មភាពនាពេលខាងមុខ។

លោកស្រី ក៏លើកទឹកចិត្ត ចែករំលែកបទពិសោធន៍ការងារ សង្គម និងសំខាន់ បំផុតផ្តោតសំខាន់លើការពង្រីក និងពង្រឹងទំនាក់ទំនាក់រវាងនិស្សិត និងនិស្សិតគ្រប់តំបន់ឱ្យមានភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមរវាងសមាគម និងស្ថាប័នពាក់ព័ន្ធ៕