(បន្ទាយមានជ័យ)៖ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ដែលបម្រើការងារក្នុងរោងចក្រនានា ក្នុងតំបន់ឧស្សាហកម្ម អូរនាង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរ តំណាងក្រុមហ៊ុនរោងចក្រនានា និងកម្មករ-កម្មការិនីជាច្រើន។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានជំរុញឱ្យបណ្ដាក្រុមហ៊ុនវិនិយោគនានា ត្រូវបង្កើនការផលិត ក៏ដូចជាការបង្កើតរោងចក្របន្ថែមទៀត ដើម្បីផ្ដល់ការងារបន្ថែមដល់ប្រជាពលរដ្ឋខ្មែរ រួមចំណែកបង្កើនជីវភាពរបស់ពួកគាត់ ដែលរស់នៅតាមព្រំដែន សំដៅកាត់បន្ថយការធ្វើចំណាកស្រុកចេញទៅក្រៅប្រទេស។
សូមជម្រាបថា ក្នុងក្រុងប៉ោយប៉ែត រោងចក្រដែលបានចុះបញ្ជី និងទទួលបានលិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួចរាល់ មានចំនួន៥រោងចក្រ ប៉ុន្តែរោងចក្រដែលបានដំណើរការ មានតែ៣រោងចក្រទេ មានរោងចក្រ Hi-Tech, រោងចក្រ ML, និងរោងចក្រ CAMPACK។ ដោយឡែករោងចក្រ Wiapham បានសាងសង់រួចរាល់ តែមិនទាន់ដំណើរការ ចំណែករោងចក្រ Simmer កំពុងចាក់ដីពង្រាបទីតាំង មិនទាន់សាងសង់នៅឡើយ៕