(ភ្នំពេញ)៖ លោក អាកាស៉ី យ៉ាស៊ូស៉ី (Akashi Yasushi) អតីតប្រមុខអ៊ុនតាក់ (UNTAC) បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការរៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ។

ការកោតសរសើររបស់អតីតប្រមុខអ៊ុនតាក់ បានធ្វើឡើងនៅពេល សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងអំឡុងសម្តេចតេជោ ទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ លោក អាកាស៉ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ លោកបានថ្លែងថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិតរបស់លោក ដែលមិនអាចបំភ្លេចបាន។

លោកនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។

នាឱកាសនេះដែរ លោក អាកាស៉ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវវឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅក្នុងតំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាពនិងកោតសរសើរកម្ពុជា។ លោកបានគោរពកោតសរសើរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ក្នុងការរបៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាពជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ ព្រោះលោកបានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ក្រៅពីនេះ លោកមានចំណាប់អារម្មណ៍ផ្ទាល់គឺ ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ទាំងព្រៃឈើ ទាំងឆ្នេរសមុទ្រ និងបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត និងសិល្បៈបុរាណខ្មែរ ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ លោក អាកាស៉ី ជាថ្មីម្ដងទៀត និងបានអរគុណលោក ដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។ សម្ដេចតេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដាប្រទេសពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាពដូចសព្វថ្ងៃ ប្រកបដោយសន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជាតំបន់អភិវឌ្ឍន៍ ពីស្ថានភាពខ្វះទឹកស្អាត និងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញ ដែលមានផ្ទៃដីតែជាង ៤០០ គ.ម.ក្រឡា ទៅដល់ជាង ៧០០ គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ ១០០ ដុល្លារអាមេរិកនាពេលនោះ មកជាង ២០០០ ដុល្លារអាមេរិក នៅពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ ឥស្សរជនទាំងពីររូប បានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មី ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិដល់កម្រិតថ្មីមួយទៀត ហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះ ទំនាក់ទំនងទេ្វភាគីកម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៉ីជម្រៅថែមទៀតនៅពេលអនាគត៕