(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តការងារ ឆ្នាំ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំ គ សាលាខេត្ត។

ក្នុងឱកាសនោះលោក ម៉ៅ ឌុង អភិបាលរងខេត្ត និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍សង្ខេប ស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តត្បូងឃ្មុំ ដែលសម្រេចបាននាពេលកន្លងមក ស្របតាមការចង្អុលបង្ហាញ របស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។

លោក ម៉ៅ ឌុង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ការសហការ បង្កើតបានបរិយាកាសយ៉ាងល្អប្រសើរ ដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស ស.ស.យ.ក. សម្តេចយល់ឃើញថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនមួយដែលជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ក្នុងនោះការបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជននូវចំណេះជំនាញ ពង្រឹងសមត្ថភាព មានភាពក្លាហាន និងបំណិនជីវិតដល់យុវជន ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ សំដៅរួមគ្នាកសាងអនាគតប្រទេសជាតិមួយឱ្យកាន់តែរុងរឿង។

លោក ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តត្បូងឃ្មុំ ដែលបានរួបរួមធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ឆ្លើយតបនឹងតម្រូវការ របស់ជនរងគ្រោះទាំងឡាយបានទាន់ពេលវេលា។

សកម្មភាពដ៏ល្អប្រពៃនេះបានផ្តល់តម្លៃយ៉ាងសំខាន់ដល់មនុស្សជាតិ ជាគំរូល្អ សម្រាប់យុវជនជំនាន់ក្រោយ ក្នុងការទាក់ទាញទឹកចិត្តគាំទ្រ យ៉ាងទូលំទូលាយ ពីប្រជាពលរដ្ឋរបស់យើង និងទទួលបានការអបអរសាទរពីមហាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមក្នុងបុព្វហេតុសង្គមជាតិ តាមរយៈការខិតខំធ្វើការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយ លោក ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ ស.ស.យ.ក ខេត្ត ដើម្បីបន្តបេសកកម្មការងារ និងបានប្រគល់លិខិតថ្លែងអំណរគុណ និងលិខិតសរសើរជូនដល់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសមាជិក សមាជិកា ស.ស.យ.កខេត្ត ប្រកបដោយស្នាមញញឹម និងស្និទ្ធស្នាល៕