(បាត់ដំបង)៖ កម្លាំងចម្រុះដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាប្រធានគណ:បញ្ជាការឯកភាពស្រុក នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំចុះបង្ក្រាបបទល្មើសនេសាទហួសដែនកំណត់ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលខ២ (ដែនអភិរក្ស) ស្ថិតក្នុងភូមិស្ត្រឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ម៉ិល សុផល បានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ធ្វើឡើងនៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស) ត្រង់ចំណុច អូរពាក់កន្ទេល, អូរចោលឈូង, ព្រែកស្ទឹងចាស់, ដំណាក់ចង្អើរ, និងអូរតាអួរ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទដូចជា៖ របាំសាច់មងបរណរាវ ចំនួន ២០ឡុក ប្រវែង ៥៦០០ម៉ែត្រ បង្គោលឈើចំនួន ១៩៥០ដើម លូស្បៃមុង ៣៤មាត់ និងបានចាក់ប្រលែងត្រី ចូលបឹងធម្មជាតិប្រមាណ ១៦០គីឡូក្រាម។

ការចុះបង្រ្កាបបទល្មើសនេសាទបរណរ៉ាវ នៅក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស)នេះ លោក សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឧបត្ថម្ភ ប្រេងសាំង ២០០លីត្រ និងប្រេងម៉ាស៊ូត ២០០លីត្រ។

លោក ម៉ិល សុផល បានបន្ថែមថា ការចុះបង្ក្រាបនេះគឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប (ក្នុងដែនអភិរក្ស) ដោយសារកន្លងមកមានកា នេសាទ ហួស ដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។

លោក ម៉ិល សុផល ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបាន គង់វង្សជានិរន្តន៍ផងដែរ៕