(កូរ៉េខាងត្បូង)៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសម និងគោរពជម្រាបជូននូវរបាយការណ៍សមិទ្ធផលការងាររយៈពេល៦ខែ រួមទាំង ប្រកាសគណ:កម្មការសមាគមនិស្សិតអាណត្តិទី៩ ជាផ្លូវការ ជូនទៅកាន់លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលមានមន្ត្រីស្ថានទូត ព្រមទាំងសមាជិកសមាជិកាគណកម្មការនិស្សិតខ្មែរ។

លោកស្រីបានផ្តល់ជាអនុសាសន៍លើកទឹកចិត្ត ផ្តួចផ្តើម ចែកចាយបទពិសោធន៍ការងារ សង្គម ព្រមទាំងជំរុញ និងគាំទ្ររាល់សកម្មភាពរបស់សមាគម ធ្វើយ៉ាងណាអោយមានការរីកចម្រើនបន្តទៅមុខបន្តទៀត។ សំខាន់បំផុតផ្តោតសំខាន់លើការពង្រីកនិងពង្រឹងទំនាក់ទំនាក់រវាងនិស្សិត និងនិស្សិតគ្រប់តំបន់ឱ្យមានភាពស្និទ្ធស្នាល ដឹងពីសុខទុក្ខនិស្សិត ដោះស្រាយការជួបបញ្ហាឱ្យទាន់ពេលវេលា។

តំណាងសមាគមនិស្សិត បានថ្លែងថា យើងខ្ញុំសមាគមនិស្សិតខ្មែរ សូមថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ដែលលោកស្រីបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកស្រីក្នុងការជួបសំណេះសំណាល និងទទួលស្គាល់ពីសមិទ្ធផលការងាររយៈពេល ៦ខែ នៅក្នុងកិច្ចជំនួបដ៏កម្រមួយនេះ។

លើសពីនេះទៅទៀត សមាគមនិស្សិតយើងខ្ញុំនឹងខិតខំប្រឹងប្រែងសហការជាមួយស្ថានទូតកម្ពុជាឱ្យកាន់តែល្អ និងជិតសិទ្ធឱ្យកាន់តែខ្លាំងជាងមុនដើម្បីអភិវឌ្ឍន៍ និងអនុវត្តបេសកម្មក្នុងអាណិត្តទី៩នេះឱ្យទទួលបាននូវផ្លែផ្កា និងមានកិច្ចសហប្រតិបតិ្តការណ៍កាន់តែច្រើនជាមួយអង្គការជាតិ និងអន្តរជាតិ៕