(ពោធិ៍សាត់)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ ចំនួន៥៩៥អង្គ/នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌលសិរីមង្គល ភួស៊ីណូ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត, លោក លោកស្រី ជាប្រតិភូក្រសួង, សាកលវិទ្យាធិការរង, លោកអភិបាលរងខេត្ត, អភិបាល ក្រុង ស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, នាយក នាយករង គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យUME និងអាណាព្យាបាលនិស្សិតយ៉ាងច្រើនកុះករ។

លោក ម៉ែន សិទ្ធី សាកលវិទ្យាធិការរង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ បានលើកឡើងថា សាខាសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បាននឹងកំពុងធ្វើការបណ្តុះបណ្តាលមូលធនមនុស្ស ឈរលើគោលការណ៍គុណភាពជាចម្បង រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងឆ្លើយតបតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ កាលដើមឡើងមានឈ្មោះជាវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០០១ ក្រោយមកប្តូរទៅជាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅឆ្នាំ២០០៦ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន។ សាកលវិទ្យាល័យបានផ្តល់នូវសេវា បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើមហាវិទ្យាល័យ៥ និងជំនាញ រួមមាន១-មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, ២-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស, ៣-មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៤-មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច និង៥-មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០២៤ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ បាននិសិ្សតចូលសិក្សា មានចំនួន៤,១២៥អង្គ/នាក់ ក្នុងនោះបរិញ្ញាបត្ររង ចំនួន៦០៣អង្គ/នាក់, បរិញ្ញាបត្រ ចំនួន៣,៣០៥អង្គ/នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២១៧អង្គ/នាក់, កំពុងសិក្សាក្នុងឆ្នាំ២០២៣-២០២៤ ទាំង៣កម្រិត មានចំនួន៧៣៧អង្គ/នាក់ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនាពេលនេះ មានចំនួន៥៩៥អង្គ/នាក់។

លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវការសួរសុខទុក្ខ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមអបអរសាទរ កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តពោធិ៍សាត់ ដែលសម្រេចបាននូវលទ្ធផលគួជាទីមោទនៈនាពេលនេះ។ ការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ពុទ្ធិ និងសីលធម៌ខ្ពស់ ឱ្យក្លាយជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដ៏មានសក្តានុពលទៅថ្ងៃអនាគត ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ មាតុភូមិ លើកស្ទួយកិត្យានុភាពជាតិ និងកសាងសង្គមកម្ពុជាមួយ ដែលមានភាពទំនើប ស៊ីវិល័យក្នុងយុគសម័យសង្គម សេដ្ឋកិច្ចឌីជីថល។ ក្នុងអំឡុងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំកំណែទម្រង់ការអប់រំនៅឧត្តមសិក្សា ឱ្យមានស្តង់ដាជាតិ និងអន្តរជាតិ ក្នុងនោះពង្រឹងសមត្ថភាពគ្រូនិងវិធីសាស្ត្របង្រៀន ឱ្យស្របនឹងយុគ្គសម័យ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវន្តន៍ និងអភិបាលកិច្ចល្អ នៅតាមគ្រឹះស្ថានឧត្តមសិក្សា។

លោកបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា ក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយ៉ាងខ្លាំងលើ វិស័យអប់រំ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការលើកស្ទួយកម្រិតជំនាញរបស់និស្សិត ឱ្យឆ្លើយតបតាមតម្រូវការការទីផ្សារពលកម្ម។ ដោយចាត់ទុកថា គ្រឺះស្ថានឧត្តមសិក្សាឯកជន ជាដៃគូ និងជាតួអង្គយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្រិតឧត្តមសិក្សា ដល់យុវជនដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេន។ តាមរយៈនេះ សូមផ្តល់អនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្ត គឺបន្តលើកកម្ពស់គុណភាពអប់រំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានស្អាត បន្ថែមជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្សារភ្ជាប់ទំនាក់ទំនង រវាងសាកលវិទ្យាល័យ និងគ្រឹះស្ថាន ចំណេះទូទៅ និងបណ្តុះបណ្តាល ទៅនឹងការងារធុរកិច្ចជំនាន់ថ្មី។ ម៉្យាងទៀតសូមផ្តាំផ្ញើដល់និស្សិត នឹងយកចំណេះដឹង ដែលទទួលបានទៅអនុវត្តការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជនឬអង្គការជាតិ អន្តរជាតិ ដកស្រង់បទពិសោធន៍ និងសិក្សាស្រាវជ្រាវ ឆ្នៃប្រឌិត ស្របតាមស្ថានភាព និងកាលៈទេសៈ។

លោកសង្ឃឹមថា ក្មួយៗរួមទាំងអាណាព្យាបាល ត្រូវខិតខំជំនះនូវរាល់ឧបសគ្គ ដើម្បីខ្លួន និងគ្រួសា ឱ្យស័គ្គិសមជាពលរដ្ឋល្អ គ្រួសារល្អ បុគ្គលល្អក្នុងសង្គម។ ក្មួយៗត្រូវគិតថា ការប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើដែលប្រកបដោយមនសិក្សាវិជ្ជាជីវៈ ជាកត្តាសំខាន់សម្រាប់មនុស្សយើងម្នាក់ៗ ហើយត្រូវចងចាំថា ការសិក្សាអប់រំ គឺគ្មានទីបញ្ចប់នោះទេ ដើម្បីក្លាយជាបញ្ញវន្តពិត យើងត្រូវបន្តសិក្សារៀនសូត្រដោយខ្លួនឯង និងត្រង់ត្រាប់ស្តាប់យកនូវរាល់ចំណេះដឹង ដុះខាត់រំលឹកឡើងវិញជាប្រចាំ ទើបអាចក្លាយខ្លួនជាអ្នកមានចំណេះដឹងពិតប្រាកដ។

ក្នុងឱកាសនោះ លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងប្រតិភូអមដំណើរក្រសួង ក៏បានអញ្ជើញប្រគល់ជូនសញ្ញាបត្រ ដល់និស្សិតជ័យលាភីទាំង៣កម្រិត សរុបចំនួន៥៩៥អង្គ/នាក់ ផងដែរ៕